បារាំង លើក​ពាន World Cup ជាលើក​ទី​២ ក្រោយ​ផ្តួល​ក្រូ​អាស៊ី ចាស់​ដៃ​នៅ​ម៉ូស្គូ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បាន​ឈ្នះពាន World Cup ជាលើក​ទី​២ តាម​រយៈ​ការ​បញ្ចប់​ក្តី​សុបិន​របស់​​ក្រុម​ជម្រើស​ជាតិ​​ក្រូ​អាស៊ី នៃការលើកពាន​ជាលើក​ទី​១ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះក្នុងលទ្ធ​ផល ៤-២ កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​រំភើប​បំផុត​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ សម្រាប់​រយៈពេល​ជាច្រើន​ទស​វត្សរ៍កន្លង​មក​នេះ​។

បារាំង បាន​នាំ​មុខ ២-១ នៅ​ត្រឹម​តង់​ទី​១ ក្រោយពី​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​ខ្សែ​ប្រយុទ្ធ Mario Mandzukic និង​ការ​ស៊ុត​បាល់​ប៉េណាល់​១​គ្រាប់​ពី Antoine Griezmann ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​វី​ដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) ខណៈ​ដែល Ivan Perisic បាន​តាមស្មើ​វិញ​ក្នុង​រយៈពេល​ដ៏ខ្លី​សម្រាប់​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ពីសំណាក់​ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ប្រយុទ្ធ Kylian Mbappe នៅ​ពាក់​កណ្តាល​តង់​ទី​២ បាន​ជួយ​ឲ្យ​បារាំង ស្ថិតនៅ​ផ្លូវ​ឆ្ពោះ​ទៅកាន់​កា​រលើកពាន Mandzukic បាន​វាយ​បក​១​គ្រាប់​ទៀត​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ចាំទី Hugo Lloris ដើម្បី​បង្កើត​ឲ្យ​មាន​​ការ​រន្ធត់​ចិត្ត​ក្នុង​រយៈពេល​២០​នាទីចុងក្រោយ​។

ទោះ​បី​ជា​យ៉ាង​ណា បារាំង បាន​​​រា​រាំង​ការ​វាយ​សម្រុក​យ៉ាងល្អ​របស់​ក្រូ​អាស៊ី ដើម្បី​លើកពាន World Cup ជាលើក​ទី​២ ក្រោយពី​ការ​ឈ្នះពាន​ជាលើក​ទី​១​របស់​ពួកគេ​នៅលើ​ទឹកដីខ្លួន​ឯង​កាលពី​២០ឆ្នាំ​មុន និង​មិន​បណ្តោយ​ឲ្យ​មាន​ការ​ខកចិត្ត​ជាលើក​ទី​២កាលពី​២ឆ្នាំមុន ដែល​នៅ​ពេល​នោះ​ពួក​គេ​បាន​រង​បរា​ជ័យ​​ក្នុង​ព្រឹត្តិ​ការណ៍ Euro វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ នៅ​ទីក្រុង​ប៉ារីស​​។ ក្រោយ​ពី​ត្រូវ​បាន​លើក​បោះ​ចុះ​ឡើង​ដោយ​កីឡាករ​របស់​លោក​បន្ទាប់​ពី​​ការ​ប្រកួត​ក្រោម​ដំណក់​ទឹកភ្លៀង លោក Didier Deschamps គ្រូបង្វឹក​របស់​បារាំង បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់​​អស្ចារ្យ​ណាស់​។ វា​ជា​ក្រុម​វ័យ​ក្មេង​មួយ​ដែល​ស្ថិតក្នុង​ចំណាត់​ថ្នាក់​​កំពូល​លលើ​ពិភព​លោក​។ ម្ចាស់​ជើង​ឯក​ខ្លះ​មាន​វ័យ​ត្រឹម​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​»​៕


ប្រភពពី៖ Reuters

Advertisement