Mbappe នឹង​ផ្តល់ប្រាក់ 50ម៉ឺន​ដុល្លារ​ដែល​ខ្លួន​បាន​ពី World Cup ទៅឱ្យ​អង្គការ​សប្បុរសធម៌

ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Kylian Mbappe វ័យ 19ឆ្នាំ ទទួលបាន​ប្រាក់ 22,300ដុល្លារ​ក្នុង​មួយ​ប្រកួត​នៃ​យុទ្ធនាការ World Cup បូករួម​ទាំង​ប្រាក់​លើកទឹកចិត្ត 350,000ដុល្លារ​ទៀត​សម្រាប់​ការជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ទទួលបាន​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យ​រូបគេ​ទទួលបាន​ប្រាក់​សរុប​ទាំងអស់ 50ម៉ឺន​ដុល្លារ។ ប៉ុន្តែ ទោះជា​ដូច្នេះ​ក្ដី តារា​ឆ្នើម​វ័យក្មេង​រូបនេះ​បានប្រកាសថា ខ្លួន​នឹង​ផ្តល់ប្រាក់​ទាំងអស់នោះ​ទៅឱ្យ​អង្គការ​សប្បុរសធម៌ Premiers de Cordees។

ប្រាក់​ចំនួន​នេះ គ្រាន់តែ​ជា​ចំណែក 1ភាគ​នៃ​ប្រាក់ខែ​សរុប​របស់គេ​ប៉ុណ្ណោះ ខណៈដែល​រូបគេ​ទទួលបាន 1.7លាន​ដុល្លារ​ក្នុង​មួយខែ​ពី​ក្លិប​បច្ចុប្បន្ន​របស់គេ​គឺ Paris-Saint Germain ប៉ុន្តែ​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​នេះ នឹងមាន​ន័យ​យ៉ាង​ធំធេង​សម្រាប់​អង្គការ Premiers de Cordees ដែលជា​អង្គការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​សម្រាប់​កុមារ​ពិការ។

លោក Sebastien Ruffin អ្នកចាត់ការ​ទូទៅ​រប​ស់​អង្គការ Premiers de Cordee បានឱ្យដឹងថា៖ «Kylian គឺជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។ នៅពេលដែល​កាលវិភាគ​របស់គេ​អនុញ្ញាត គេ​បាន​ចូលមក​ធ្វើ​អន្តរាគមន៍​សម្រាប់​យើង​ទាំង​ភាព​រីករាយ។ រូបគេ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹងក្មេងៗ ដោយ​គេ​តែងតែ​ស្វែងរក​ការប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ត្រឹមត្រូវ​ក្នុងការ​លើកទឹកចិត្ត​ដល់​ពួកយើង»។

ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ក្នុងចំណោម​ការប្រកួត 7លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង World Cup ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់ 1គ្រាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ក្រុម​របស់គេ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្នុង​លទ្ធផល 4-2។ Mbappe ក៏បាន​ឈ្នះ​រង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ​នេះ​ផងដែរ៕

ប្រភពពី៖ The Straits Times

Advertisement