Liverpool នឹង​បំពេញ​ការផ្ទេរ​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ខ្ពស់បំផុត

អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល Alisson ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Liverpool លើ​កុងត្រា​រយៈពេល 5ឆ្នាំ ក្នុងតម្លៃ​ខ្លួន 75លាន​អឺរ៉ូ (ស្មើនឹង 87.3លាន​ដុល្លារ​អាមេរិក) ដែលជា​តម្លៃ​ខ្លួន​ជាប់​កំណត់ត្រា​ពិភពលោក​សម្រាប់​អ្នកចាំទី​រូបនេះ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​បណ្តាញសារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ពុធ។

អ្នកចាំទី​វ័យ 25ឆ្នាំ​រូបនេះ​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្លិប Roma ក្នុងប្រទេស​អ៊ីតាលី នឹង​កាត់បន្ថយ​ថ្ងៃ​សម្រាក​វិស្សមកាល​របស់ខ្លួន ដើម្បី​ទទួល​ការពិនិត្យ​សុខភាព នៅ​ទីក្រុង Merseyside ក្រោយពី​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​ពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​ក្លិប Liverpool។ កាសែត Liverpool Echo បានចេញ​ផ្សាយ​ថា៖ «ការប្រកាស​ជា​ផ្លូវការ​មួយ ប្រហែលជា​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពី 24ម៉ោង ទៅ 48ម៉ោង​ទៀត»។

ការផ្ទេរ​នេះ​នឹងធ្វើ​ឱ្យ​ក្លិប​យក្ស​នៅ Anfield មួយ​នេះ​ចំណាយ​ប្រាក់ 75លាន​អឺរ៉ូ ដើម្បី​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​នៅ​អង់គ្លេស ដែល​ត្រូវបាន​ចំណាយ​ដោយ​ក្លិប Manchester City សម្រាប់​ការទិញ​យក​អ្នកចាំទី Ederson ពី​ក្លិប Benficaកាលពី​រដូវ​កាល​មុន។ ក្លិប Liverpool សង្ឃឹមថា នឹង​ចុះហត្ថលេខា​ជាមួយនឹង​អ្នកចាំទី​ថ្មី​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់ Loris Karius ក្រោយពី​ការបង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​របស់គេ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ។

Chelsea ក៏​ត្រៀមលក្ខណៈ​រួចរាល់​ផងដែរ​ក្នុងការ​ផ្ទេរ Alisson ប្រសិនបើ​អ្នកចាំទី Thibaut Courtois ចាកចេញ ប៉ុន្តែ​ក្លិប Liverpool បាន​បញ្ចេញ​សកម្មភាព​យ៉ាង​រហ័ស​ជាង​ក្នុងការ​នាំយក​អ្នកចាំទី​ដែលជា​គោលដៅ​ទី1 របស់​ពួកគេ។ ក្លិប Chelsea មិនបាន​ដាក់សំណើ​អ្វី​ឡើយ។ សូមបញ្ជាក់ថា Alisson បាន​ផ្ទេរ​មកពី​ក្លិប Internacional ទៅកាន់​ក្លិប Roma កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​ខ្លួន​តែ 7.5លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ប្រភពពី៖ Channel News Asia

Advertisement