Chelsea យល់ព្រម​លក់​អ្នកចាំទី Courtois ទៅឱ្យ​ក្លិប Real Madrid

ក្លិប​តោ​ខៀវ Chelsea បានប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ​ជាមួយនឹង​ក្លិប Real Madrid សម្រាប់​ការផ្ទេរ​អ្នកចាំទី Thibaut Courtois ក្នុងតម្លៃ​ខ្លួន 35លាន​អឺរ៉ូ (ស្មើនឹង 40.7លាន​ដុល្លារ​អាមេរិក)ហើយ។

Courtois នឹង​ចុះហត្ថលេខា​រយៈពេល 6ឆ្នាំ​នៅឯ​កីឡដ្ឋាន Bernabeu ដោយ​រង់ចាំតែ​ការយល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ឆ្លងកាត់​ការពិនិត្យ​សុខភាព​តែប៉ុណ្ណោះ។ ខ្សែបម្រើ​អន្តរជាតិ​ក្រូ​អាស៊ី Mateo Kovacic ក៏​នឹងចូលរួម​ជាមួយនឹង Chelsea ដែរ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លិប Real Madrid រយៈពេល 1រដូវ​កាល ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការផ្ទេរ​នេះ។

Chelsea បានឱ្យដឹង​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «នៅ​រាត្រី​នេះ យើង​បាន​យល់ព្រម​លើ​លក្ខខណ្ឌផ្សេងៗជាមួយនឹង​ក្លិប Real Madrid សម្រាប់​ការផ្ទេរ​របស់ Thibaut Courtois ដែល​រង់ចាំតែ​ការយល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ការពិនិត្យ​សុខភាព​ប៉ុណ្ណោះ។

ក្នុង​ផ្នែក​មួយ​នៃ​ការផ្ទេរ​នេះ ខ្សែបម្រើ Mateo Kovacic ក៏​នឹងចូលរួម​ជាមួយនឹង​ក្លិប Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ 1រដូវ​កាល​ដែរ»។ ក្លិប Real Madrid បានប្រកាសថា Courtois នឹង​ទទួល​ការពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​មុនពេល​បង្ហាញខ្លួន​ទៅកាន់​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន Bernabeu។

Courtois បាន​លេង​ការប្រកួត​ចំនួន 154លើក​សម្រាប់ Chelsea ក្រោយពី​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge កាលពី​ឆ្នាំ2011 ដោយបាន​ការពារ​មិន​ឱ្យមាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​ចំនួន 58លើក។ រូបគេ​បាន​ចំណាយពេល​អស់ 3ឆ្នាំ​ក្នុងនាម​ជា​កីឡាករ​កម្ចី​នៅឯ​ក្លិប Atletico Madrid ចាប់ពី​រដូវ​កាល​ឆ្នាំ2011 ដល់2014៕

ប្រភពពី៖ Sky Sports

Advertisement