Chelsea បំពេញ​ការផ្ទេរ Kepa ពី​ក្លិប Bilbao ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

ក្លិប​តោ​ខៀវ Chelsea បាន​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​តម្លៃ​ខ្លួន​អ្នកចាំទី​ម្នាក់ តាមរយៈ​ការចុះហត្ថលេខា​ជាមួយនឹង​កីឡាករ KepaArrizabalaga ពី​ក្លិប Athletic Bilbao ក្នុងតម្លៃ​ខ្លួន 71.6លាន​ផោន (ស្មើនឹង 92.9លាន​ដុល្លារ​អាមេរិក) ក្នុង​កិច្ចសន្យា​រយៈពេល 7ឆ្នាំ។

អ្នកចាំទី​វ័យ 23ឆ្នាំ​រូបនេះ ធ្វើដំណើរ​ទៅដល់​ទីក្រុង​ឡុង​ដ៍ នៅ​ល្ងាច​នៃ​ថ្ងៃ​ដែល​អ្នកចាំទី Thibaut Courtois ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge ដែរ ខណៈដែល​អ្នកចាំទី​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ នឹងត្រូវ​បង្ហាញខ្លួន​នៅឯ​ក្លិប Real Madrid នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រោយពី​រូបគេ​ទទួល​ការពិនិត្យ​សុខភាព​រួចរាល់។

ក្រោយពី​បាន​ចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​របស់ Kepa ជាមួយនឹង​ក្លិប Bilbao កាលពី​ថ្ងៃ​ពុធ ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន 71.6លាន​ផោន​របស់ Chelsea នឹង​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​សម្រាប់​អ្នកចាំទី​ម្នាក់​ចំនួន 67លាន​ផោន ដែល​ក្លិប Liverpool បាន​ចំណាយ​ដើម្បី​ទិញយក Alisson Becker ពី​ក្លិប Roma កាលពី​ខែ​មុន។ Kepa នឹង​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​របស់គេ​ជា​លើក​ទី1 នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​និង​ចូល​លេង​សម្រាប់​ការប្រកួត​បើក​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Huddersfield នៅ​ថ្ងៃ​សៅរ៍​នេះ។

Kepaបានឱ្យដឹងថា៖ «វា​ជាការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ សម្រាប់​អាជីព​របស់ខ្ញុំ និង​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ។ កត្តា​ជាច្រើន​បាន​ទាក់ទាញ​ខ្ញុំ​មកកាន់​ក្លិប​នេះ ដូចជា​រាល់​ពាន​ដែល​ក្លិប​នេះ​បានឈ្នះ កីឡាករ​ផ្សេងទៀត ទីក្រុង​នេះ និង​ក្របខ័ណ្ឌ​អង់គ្លេស Premier League»។

Kepa បានបង្ហាញ​ខ្លួន​ចំនួន 30លើក​សម្រាប់​ក្លិប Athletic ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Ligaកាលពី​រដូវ​កាល​មុន ដោយ​ការពារ​មិន​ឱ្យមាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន 7លើក ខណៈដែល​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​បាន​ជួយ​ឱ្យ​រូបគេ​ទទួលបាន​ការកោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​សម្រាប់ World Cup ក្រោយពី​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ជា​លើក​ទី1 របស់គេ​កាលពី​ខែវិច្ឆិកា៕

ប្រភពពី៖ Sky Sports

Advertisement