Tsitsipasទម្លាក់​ជើង​ខ្លាំង Djokovic ក្នុង​ព្រឹត្តិការណ៍ Toronto Masters

កីឡាករ​វាយ​កូន​បាល់ StefanosTsitsipas បាន​បង្កើត​ការភ្ញាក់ផ្អើល​ក្នុង​យុទ្ធនាការ Toronto Masters កាលពី​ថ្ងៃ​ព្រហស្បតិ៍ តាមរយៈ​ការយក​ឈ្នះ​លើ​កីឡាករ Novak Djokovic ដែលជា​ម្ចាស់​ជើងឯក Wimbledon ក្នុង​លទ្ធផល 6-3, 6-7 (5/7) និង6-3 ដើម្បី​ឈានទៅ​វគ្គ 8នាក់​ចុងក្រោយ។

កីឡាករ​វ័យក្មេង​សញ្ជាតិ​ក្រិ​ក​ដែល​ទើបតែ​ឈានចូល​វ័យ 20ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​រូបនេះ បាន​យកឈ្នះ​លើ​ម្ចាស់​ជើងឯក 4សម័យកាល Djokovic ដែលមាន​ចំណាត់ថ្នាក់​លេខ9 ប្រចាំ​ព្រឹត្តិការណ៍​ក្នុងការ​ជួបគ្នា​ជា​លើក​ទី1 រវាង​កីឡា​ករទាំង2 ក្រោយពី​បាន​ផ្តួល​កីឡាករ​ចំណាត់ថ្នាក់​លេខ7ប្រចាំ​ព្រឹត្តិការណ៍​គឺ Dominic Thiem។

Tsitsipas បានឱ្យដឹងថា៖ «នេះ​គឺជា​ការប្រកួត​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របសខ្ញុំ។ ខ្ញុំ​បានដឹងថា ខ្ញុំ​លេង​បាន​យ៉ាង​ល្អ​នៅថ្ងៃនេះ។ ការរង​បរាជ័យ​ក្នុងការ​ប្រកួត​សិត​ទី2 វា​ពិតជា​លំបាក​ក្នុងការ​ដោះស្រាយ​ខ្លាំងណាស់។ ខ្ញុំ​មានឱកាស​របស់ខ្ញុំ​ជាច្រើន និង​មិនបាន​ប្រើប្រាស់​ឱកាស​ទាំងនោះ​សោះ»។

កីឡាករ​វ័យក្មេង​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ ខ្ញុំ​នៅតែ​ស្ថិតក្នុង​អារម្មណ៍​ស្ងប់ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​រឿង​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​សាកល្បង​ធ្វើ​កាលពីមុន។ ការប្រកួត​នៅ​សិត​ទី3 គឺជា​ចំណុច​កាត់សេចក្តី។ វា​បានធ្វើឱ្យ​ខ្ញុំ​ទទួល​ជ័យជម្នះ»។ Tsitsipas ដែលមាន​ចំណាត់ថ្នាក់​លេខ27 ក្នុង​ពិភពលោក បាន​ចំណាយពេល​ត្រឹមតែ 2ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ឈានទៅ​វគ្គ1/4ផ្តាច់ព្រ័ត្រ​ជា​លើក​ទី1 នៃ​អាជីព​របស់គេ ក្នុង​ព្រឹត្តិការណ៍ Masters លើក​ទី1000 នេះ៕

ប្រភពពី៖ Channel News Asia

Advertisement