លោក Pochettino ប្រឈម​នឹង​ការសាកល្បង​ដ៏​សំខាន់ ក្រោយ Spurs មិន​ទិញ​កីឡាករ​ថ្មី

លោក Mauricio Pochettino បាន​បញ្ជាក់ថា លោក​មិនមាន​ការរីករាយ​សោះឡើយ​ចំពោះ​ភាព​អសកម្ម​របស់​ក្លិប Tottenham ក្នុងអំឡុងពេល​នៃ​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ ប៉ុន្តែ​ការសាកល្បង​ដ៏​ពិតប្រាកដ​ចំពោះ​ការសម្រេចចិត្ត​មិន​ទិញ​កីឡាករ​ថ្មី​ចូល​សូម្បីតែ​ម្នាក់​របស់​ក្លិប​នេះ​នឹង​កើតឡើង​ក្នុងពេល​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League ចាប់ផ្តើម។

ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ជារឿយៗមានរឿង​ជាច្រើន​ដែល​ផ្ទុយ​ពី​ក្លិប​ផ្សេង នៅពេលដែល​ឈានដល់​ដំណាក់កាល​ទិញ និង​លក់​កីឡាករ ស្របពេល​ដែល​លោក Daniel Levy ដែលជា​ប្រធាន​ក្លិប ទទួលបាន​កេរ្តិ៍ឈ្មោះ​ក្នុងនាម​ជា​អ្នកចរចា​ដ៏​តានតឹង ដែល​មិន​ខ្លាច​បាត់បង់​អ្វី​ឡើយ រហូតដល់​នាទីចុងក្រោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា នៅពេលនេះ កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការដោះដូរ​កីឡាករ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កន្លងផុតទៅ ដោយ​មិនមាន​ការបន្ថែម​កីឡាករ​ថ្មី​សោះ​ក្នុង​ក្លិប Tottenham។

នេះ​គឺជា​លើក​ទី1 ហើយ​ដែល​ក្លិប​មួយ​របស់​ក្របខ័ណ្ឌ Premier League មិនបាន​ទិញ​កីឡាករ​ថ្មី​ចូល​សោះ​សូម្បីតែ​ម្នាក់ អំឡុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ។ បច្ចុប្បន្ន​លោក Pochettino គ្រូបង្វឹក​ថ្មី​របស់ Tottenham នឹង​ត្រូវបាន​រំពឹងទុក​ថា នឹង​បន្ត​ទម្រង់​លេង​ដ៏​រឹងមាំ​របស់ខ្លួន​ដូច​កាលពី​រដូវ​កាល​មុន​ជាមួយនឹង​សមាជិក​នៃ​ក្រុម​កីឡាករ​ដូចគ្នា ដែល​បានធ្វើឱ្យ​ក្លិប​នេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ3 នៅលើ​តារាង។

ការធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី​ក្រុម Newcastle នៅ​ថ្ងៃអាទិត្យ​នេះ ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួកគេ នឹង​ផ្តល់នូវ​ការភ្ញាក់ផ្អើល​តិចតួច​ប៉ុណ្ណោះ បើទោះបី​លោក Pochettino ត្រូវតែ​សម្រេចចិត្តថា កីឡាករ​រូប​ណា​ក្នុងចំណោម​កីឡាករ9នាក់​ដែល​បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រៀម​រួចរាល់​ក្នុង​ការវិល​ទៅកាន់​ការប្រកួត​វិញ៕

កម្មវិធី​ប្រកួត​ចុង​សប្តាហ៍

ថ្ងៃ​សុក្រ ទី10 ខែសីហា

ManUnited v Leicester- 2ទៀបភ្លឺ

ថ្ងៃ​សៅរ៍ ទី11 ខែសីហា

Newcastle v Tottenham – 9 យប់

Bournemouth v Cardiff – 9 យប់

Fulham v Crystal Palace – 9 យប់

Huddersfield v Chelsea – 9 យប់

Watford v Brighton – 9 យប់

Wolves v Everton – 11:30 យប់

ថ្ងៃអាទិត្យ ទី12 ខែសីហា

Liverpool v West Ham – 7:30 យប់

Southampton v Burnley – 7:30 យប់

Arsenal v Man City- 10 យប់

ប្រភពពី៖ Channel News Asia

Advertisement