លោក Emery ស្ថិតក្នុង​ការចាប់អារម្មណ៍ ខណៈ Arsenal ចាប់​ជីវិត​ដោយ​គ្មាន​លោក Wenger

លោក Unai Emery ប្រឈមមុខ​នឹង​ការ​ដ៏​ធំ​មួយ ក្នុងការ​សង្គ្រោះ​ក្រុម Arsenal ចេញពី​ភាព​ត្រដាបត្រដួស ស្រប​ពេលដែល​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ Premier League ដោយ​គ្មាន​លោក Arsene Wenger ជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​ជា​លើក​ទី១ក្នុង​រយៈពេល២២ឆ្នាំ។ លោក Emery ត្រូវបាន​ជួល​ឲ្យ​ជំនួស​កន្លែង​របស់លោក Wenger ក្រោយពី​ការចាកចេញ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ នៅ​ចុងរដូវ​កាល​មុន ដែល​បានបញ្ចប់​ដោយ​ក្រុម Arsenal ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៦នៅលើ​តារាង​ក្របខ័ណ្ឌ Premier League។

ការប្រកួត​បើក​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League របស់ Arsenal ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក Manchester City នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ផ្តល់នូវ​ការចាប់អារម្មណ៍​ទៅលើ​កម្រិត​ដែល​លោក Emery នឹង​ព្យាយាម​ជួសជុល និង​បោសសម្អាត​បញ្ហាផ្សេងៗដែល​ត្រូវបាន​បន្សល់ទុក​ដោយ​លោក Wenger នា​កីឡដ្ឋាន Emirates។

ក្រុម Arsenal បាន​ស្ថិតក្នុង​ភាព​ត្រដាបត្រដួស​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ស្រប​ពេលដែល​លោក Wenger មិនមាន​សមត្ថភាព​ក្នុងការ​លុបចោល​ភាពអវិជ្ជមាន ទីបំផុត​លោក Stan Kroenke ដែលជា​ម្ចាស់​ក្លិប បាន​ចែកផ្លូវ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ខ្លួន បើទោះបី​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ចង់​បន្ត​ដឹកនាំ​ក៏ដោយ។

ការបញ្ចប់​ដោយ​ដេញតាម​ពីក្រោយ​ក្រុម Man City ចំនួន៣៧ពិន្ទុ គឺជា​ការបញ្ចប់​ដ៏​ខកចិត្ត​មួយ​សម្រាប់​រដូវ​កាល​ចុងក្រោយ​របស់លោក Wenger ដែលជា​យុទ្ធនាការ​ដ៏​ជ្រួលច្របល់ ក្នុងនោះ​ក៏មាន​ការតវ៉ា​យ៉ាង​ខឹងសម្បា​ប្រឆាំងនឹង​អ្នកចាត់ការ​ទូទៅ​រូបនេះ ពី​សំណាក់​អ្នកគាំទ្រ​ដែល​អស់សង្ឃឹម​ផងដែរ៕

ប្រភពពី៖ Channel News Asia

Advertisement