Lewandowski ជួយ Bayern សងសឹក Frankfurt

ការរក​គ្រាប់​បាល់​បញ្ចូល​ទី 3គ្រាប់​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Robert Lewandowski បាន​ជួយ​ឱ្យ​ក្រុម Bayern Munich កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 5-០ លើ​ក្រុម Eintracht Frankfurt ក្នុង​ការប្រកួត​ដណ្តើមពាន​អាល្លឺម៉ង់ Supercup កាលពី​ថ្ងៃអាទិត្យ ដើម្បី​ជួយ​ឱ្យ​អតីត​គ្រូបង្វឹក​របស់​ក្រុម Frankfurt លោក Niko Kovac បំពេញ​នូវ​ការចាប់ផ្តើម​ប្រកបដោយ​ការចងចាំ​មួយ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Bayern។

លោក Kovac បាន​វិល​ទៅកាន់​ទឹកដី​ក្រុម Frankfurt វិញ​សម្រាប់​ការប្រកួត​ជា​លើក​ទី1 របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ Bayern ក្រោយពី​បានបញ្ចប់​កិច្ចសន្យា​រយៈពេល 2ឆ្នាំ​ប្រកបដោយ​ភាពជោគជ័យ​ក្នុង​ក្លិប Frankfurt ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការយក​ឈ្នះ​លើ​ក្រុម Bayern ក្នុង​ការប្រកួត​ដណ្តើមពាន German Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​រដូវ​កាល​មុន​ផងដែរ។

ប៉ុន្តែ វា​មិនមាន​ភាព​ភ្ញាក់ផ្អើល​ផ្សេង​ទៀតឡើយ​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​ក្រុម Bayern បាន​បំពេញ​ការសង​សឹក​សម្រាប់​ការ​ចាញ់​របស់​ពួកគេ​កាលពី​ការប្រកួត​ពាន German Cup ខណៈដែល Lewandowski បាន​បំបែក​តំបន់​ការពារ​របស់​ក្រុម Frankfurt ទៅជា​បំណែក​អស់។

លោក Kovac បាន​ប្រាប់​កាសែត ZDF ថា៖ «វា​ពិតជា​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​នៅថ្ងៃនេះ យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ពេលវេលា​ប្រកួត​យ៉ាង​ត្រឹមត្រូវ។ ពិតណាស់ ខ្ញុំ​មាន​អារម្មណ៍​អាណិតអាសូ​ខ្លះ​ដល់​អតីត​កីឡាករ និង​ក្លិប​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​ហេតុផល​ដ៏​ល្អ​សម្រាប់​ក្រុម Frankfurt»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម​ណាស់​សម្រាប់​រដូវ​កាល​នេះ។ ខ្ញុំ​មាន​ក្រុម​ដ៏​អស្ចារ្យ និង​មាន​ភាពខ្លាំង​មួយ»៕

ប្រភពពី៖ Channel News Asia

Advertisement