Bakayoko ចេញពី​ Chelsea ទៅ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​1រដូវកាល

ខ្សែ​បម្រើ Tiemoue Bakayoko របស់​​ក្លិប Chelsea បាន​បំពេញ​ការ​​ផ្ទេរ​ពេញ​​1​រដូវកាលដើម្បី​ទៅកាន់​ក្លិប​ AC Milan​។ ការ​ផ្ទេរ​របស់ ​Bakayoko ដែល​នៅ​ជាមួយ​ក្លិប Chelsea ដោយចេញពីក្លិប Monaco កាលពី​រដូវក្តៅក្នុង​តម្លៃខ្លួន​ 39.7​លាន​ផោន (ស្មើ​នឹង​50.5លាន​ដុល្លារ​អាមេរិក) អាច​នឹង​​ផ្ទេរ​ជា​អចិន្ត្រៃយ៍​សម្រាប់តម្លៃខ្លួន​ចំនួន​ 35​លានផោន​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​​ចំនួន​ 43​​លើក​សម្រាប់​ក្លិប Chelsea កាលពី​រដូវ​កាលមុន ដោយ​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​​ 3​គ្រាប់ និង​បាន​បង្ហាញ​ខ្លួនក្នុង​ជម្រើស​​ទាំង​11​នាក់ដំបូង ក្នុង​ពេល​ក្រុម Chelsea បាន​យកឈ្នះ​​លើក្រុម Manchester United 1-០ ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។ Chelsea បាន​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Jorginho និង Mateo Kovacic ដែលចេញពីក្លិប Napoli និង Real Madrid តាមលំដាប់​នៅ​រដូវក្តៅនេះ។ ក្រោយពី​​បាន​ចំណាយ​ពេលខ្ចី​ជើង​ដ៏ជោគ​ជ័យ​ជាមួយ​ក្លិប Crystal Palace កាលពី​រដូវ​កាលមុន Ruben Loftus-Cheek ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ប្រជែង​យក​តំណែង​ក្នុង​តំបន់​ខ្សែបម្រើ​ផងដែរ​។ AC Milan ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ខ្សែ​បម្រើ​អន្តរ​ជាតិ​អ៊ី​តាលី Gennaro Gattuso បាន​ប្រកាស​ពីការ​ផ្ទេរ​នេះ នៅ​លើ​គេ​ហទំ​ព័រ​របស់​ពួក​គេ ក្រោម​អក្ស​រសរសេរ​ថា៖ «ការ​ចុះ​ហត្ថលេខា​ជា​មួយ​នឹងកីឡាករ​ដ៏សំខាន់​ម្នាក់​ទៀត​ក្នុង​យុគ​សម័យ​កាល​ថ្មី​របស់​ក្លិប»​។

Bakayoko នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​​សុក្រ​នេះ ហើយ​នឹ​ងក្លាយ​ជា​កីឡាករ​កម្ចី​ទី​2 ​របស់ AC Milan នៅ​រដូវក្តៅនេះ ក្រោយ​ពីការ​ចូល​របស់​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ដែលមកពី​​ក្លិប Juventus​​៕

ប្រភព​ពី​៖ The Guardian

Advertisement