Atletico វាយបក​ដើម្បី​ផ្តួល​ក្រុម Real Madrid ក្នុង UEFA Super Cup

ខ្សែប្រយុទ្ធ Diego Costa បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ខណៈដែល​ក្រុម Atletico Madrid បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Real Madrid ក្នុង​លទ្ធផល 4-2 កាលពី​ថ្ងៃ​ពុធ និង​ឈ្នះ​ពាន UEFA Super Cup។

អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Chelsea រូបនេះ បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Diego Simeone មាន​គ្រាប់​បាល់​នាំ​មុខមុន ក្រោយពី​លេង​បានត្រឹមតែ​រយៈពេល 49វិនាទី ខណៈដែល​រូបគេ​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​របស់​អ្នកចាំទី KeylorNavas យ៉ាង​ល្អ។ ខ្សែប្រយុទ្ធ Karim Benzema បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម Real Madrid ខណៈដែល​រូបគេ​បាន​លេង​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ​ជាមួយនឹង Gareth Bale ក្នុងពេល​មិនមាន​វត្តមាន​របស់ Cristiano Ronaldo ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី។

ខ្សែការពារ Sergio Ramos ហាក់ដូចជា​បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ឯក Champions League របស់ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ទៅហើយ នៅពេលដែល​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ចំណុច​ពិន័យ 11ម៉ែត្រ ក្នុង​តង់​ទី2  ប៉ុន្តែ Costa បាន​លុបចោល​ក្តីសង្ឃឹម​នោះ និង​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ក្នុង​រយៈពេល 10នាទីចុងក្រោយ។ គ្រាប់​បាល់​តាម​ស្មើ​របស់គេ​បានធ្វើឱ្យ​ការប្រកួត​ឈានដល់​នាទី​បន្ថែម 15នាទី 2ដង ហើយ​ខ្សែបម្រើ Saul Niquez និង Koke បា​នរក​គ្រាប់​បាល់​ទី3 និង​ទី4 ដើម្បី​ជួយ​ឱ្យ​ក្រុម Atletico ដណ្តើមបាន​ជ័យជម្នះ​តែម្តង។

នេះ​គឺជា​ការ​ឈ្នះ​ពាន UEFA Super Cup ជា​លើក​ទី3 ហើយ​សម្រាប់​ក្រុម Atletico និង​ជា​លើក​ទី3 ក្នុង​រយៈពេល 9រដូវ​កាល។ ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico បានឱ្យដឹងថា៖ «ខ្ញុំ​បាន​បន្ត​នៅ Atletico ពីព្រោះ​គម្រោង​នេះ​ពិតជា​គម្រោង​ដ៏​ល្អ។ ខ្ញុំ​មានការ​ជឿជាក់​លើ​ក្លិប​នេះ និង​លើ​គ្រូបង្វឹក ហើយ​ខ្ញុំ​បាន​មើលឃើញ​នៅ​រាត្រី​នេះ​ថា ខ្ញុំ​ពិតជា​គិត​មិន​ខុស​ឡើយ»៕

ប្រភពពី៖ The Mirror

Advertisement