លោក Pochettino សន្យា​តបស្នង​អ្នកគាំទ្រ​របស់ Tottenham ជាមួយ​ជ័យជម្នះ

លោក Mauricio Pochettino ជឿជាក់ថា ការដណ្តើម​បាន​ជ័យជម្នះ គឺជា​វិធីសាស្ត្រ​តែមួយគត់​ក្នុងការ​រក្សា និង​ធ្វើឱ្យ​អ្នកគាំទ្រ​របស់​ក្រុម Spurs មាន​ភាព​រីករាយ ស្រប​ពេលដែល​ពួកគេ​កំពុងតែ​រង់ចាំ​ការប្តូរ​ទៅកាន់​កីឡដ្ឋាន​ថ្មី​របស់​ពួកគេ។

ក្រុម Tottenham បាន​ប្រឈមមុខ​នឹង​សុបិន​អាក្រក់​ផ្នែក​ប្រតិបត្តិការ ក្រោយពី​ការពន្យារពេល​ការផ្លាស់ប្តូរ​របស់​ពួកគេ​ទៅកាន់​កីឡដ្ឋាន​ទើប​កែសម្រួល​ថ្មី​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ដល់​ទៅ 62,000នាក់ ដែល​យ៉ាងហោចណាស់​ក៏​ដល់​ខែតុលា​ដែរ «ដោយសារតែ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព»។

ក្រុម​របស់លោក Pochettino ត្រូវបាន​គ្រោង​ឱ្យ​ប៉ះ​ជាមួយនឹង​ក្រុម​Fulham នា​កីឡដ្ឋាន  Wembley នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​បច្ចុប្បន្ន ពួកគេ​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Liverpool និង Cardiff នៅ​កីឡដ្ឋាន​របស់​ក្រុម​ជម្រើសជាតិ ដែលជា​កន្លែង​ពួកគេ​បាន​លេង​រាល់​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​កាលពី​រដូវ​កាល​មុន​ផងដែរ។

លោក Pochettino បានឱ្យដឹងថា៖ «យើងទាំងអស់គ្នា មាន​អារម្មណ៍​ខកចិត្ត​ជាមួយនឹង​ការប្រកាស​ពី​សំណាក់​ក្លិប​នៅ​សប្តាហ៍​នេះ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ អ្នកគាំទ្រ​របស់​យើង កីឡាករ​គ្រប់គ្នា និង​សម្រាប់​ប្រធាន​ក្លិប។ យើង​នឹង​ព្យាយាម​តបស្នង​វិញ​តាមរយៈ​ការដណ្តើម​ជ័យជម្នះ​ក្នុងការ​ប្រកួត​នានា​ឱ្យបាន»។

លោក Daniel Levy ប្រធាន​ក្លិប Spurs បាន​ស្ថិតក្រោម​ការរិះគន់​រួចជាស្រេច​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ ចំពោះ​ការមិនអាច​ទិញ​ចូល​កីឡាករ​ថ្មី​សូម្បីតែ​ម្នាក់ បើទោះបីជា​បង្កើន​តម្លៃ​សំបុត្រ​ប្រចាំ​រដូវ​កាល​ក៏ដោយ។ ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់៕

ប្រភពពី៖ Sports.yahoo.com

Advertisement