កីឡាករ​ហែល​ទឹក 5នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង Asian Games

កីឡាករ 5នាក់​ដែល​អាច​នឹង​បង្កើតឱ្យមាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​វិញ្ញាសា​ហែល​ទឹក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី រួមមាន៖

កីឡាករ Sun Yang របស់ចិន
កីឡាករ​ហែល​ទឹក​ដ៏​ឆ្នើម​រូបនេះ​បានឈ្នះ​មេដាយមាស​អូឡាំពិក 3គ្រឿង​លើ​វិញ្ញាសា​ហែល​សេរី(Free style) និង​ក្រោយពី​ចាញ់​ក្នុង​ការប្រកួត​ហែល​ចម្ងាយ 400ម៉ែត្រ​នៅ​ទីក្រុង Rio កាលពី 2ឆ្នាំមុន​នោះ រូបគេ​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​សេរី​ចម្ងាយ 200ម៉ែត្រ។

កីឡាករជប៉ុន Kosuke Hagino

កីឡាករ​ដ៏​ឆ្នើម​រូបនេះ បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ចម្រុះ​ក្បាច់​ឯកត្តជន​ចម្ងាយ 400ម៉ែត្រ និង​បានឈ្នះ​មេដាយប្រាក់ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 បន្ទាប់ពី​តារា​ឆ្នើម​អាមេរិក Michael Phelps លើ​វិញ្ញាសា​ហែល​ចម្ងាយ 200ម៉ែត្រ។

កីឡាការិនីជប៉ុន Rikako Ikee

ជាមួយនឹង​ទឹកមុខ​ប្រកបដោយ​ស្នាមញញឹម Ikee គឺជា​តារា​ឆ្នើម​ថ្មី 1រូប​សម្រាប់​ប្រទេស​របស់​នាង។ កីឡាការិនី​វ័យ 18ឆ្នាំ​រូបនេះ​បានឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Pan Pacific លើ​វិញ្ញាសា​ហែល​បែប​មេអំបៅ​ចម្ងាយ 100ម៉ែត្រ ហើយ​នាង​ក៏បាន​ឈ្នះ​មេដាយប្រាក់​ក្នុងការ​ប្រកួត​ហែល​បែប​សេរី ចម្ងាយ 200ម៉ែត្រ​ផងដែរ។

កីឡាករសិង្ហបុរី Joseph Schooling

ក្រោយពី​បាន​បង្កើត​ភាព​អស្ចារ្យ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​បែប​មេអំបៅ ចម្ងាយ100ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Asian Games កាលពី​ឆ្នាំ2014 រួចមក Schooling បាន​យកឈ្នះ​កីឡាករ Phelps ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង Rio លើ​វិញ្ញាសា​ដូចគ្នានេះ។

កីឡាករកាហ្សាក់ស្ថាន Dmitriy Balandin

ក្រោយពី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ទឹក​បែប​កង្កែប​ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ2014 កីឡាករ Balandin បានក្លាយ​ម្ចាស់​ជើងឯក​អូឡាំពិក​លើ​កីឡាហែលទឹក​ដំបូង​គេ​របស់​កា​ហ្សា​ក់​ស្ថាន នៅពេល​រូបគេ​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​ចម្ងាយ 200ម៉ែត្រ កាលពី 2ឆ្នាំមុន៕

ប្រភពពី៖ Channel News Asia

Advertisement