Brighton បាន​បន្ថែម​ភាព​វេទនា​លើ Man Utd ខណៈ Aguero រកបាន 3គ្រាប់

ការភ័យខ្លាច​របស់លោក Jose Mourinho ជុំវិញ​ការមិន​ទិញ​ខ្សែការពារ​កណ្តាល​ថ្មី​ម្នាក់​ត្រូវបាន​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់ ខណៈដែល​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​បានធ្វើឱ្យ​ក្រុម Manchester United របស់លោក​រង​បរាជ័យ​ក្នុង​លទ្ធផល 3-2 នៅលើ​ទឹកដី​ក្រុម Brighton កាលពី​ថ្ងៃអាទិត្យ។

សម្រាប់​ជា​លើក​ទី1ក្នុង​រយៈពេល​ជិត 2ឆ្នាំ ក្រុម​របស់លោក Mourinho បាន​របូត​គ្រាប់​បាល់​ច្រើនជាង 2គ្រាប់ ខណៈដែល​គ្រាប់​បាល់​ទាំង3 របស់​ក្រុម Brighton បាន​កើតឡើង​នៅមុន​ពេល​តង់​ទី2 តាមរយៈ​កីឡាករ Glenn Murray, Shane Duffy និង Pascal Gross។

លោក Mourinho បានឱ្យដឹងថា៖ «យើង​បាន​រង​នូវ​ការដាក់ទណ្ឌកម្ម​ដោយសារតែ​កំហុសផ្សេងៗដែល​យើង​បានធ្វើ។ សម្រាប់​ខ្ញុំ នោះ​គឺជា​ចំណុច​សំខាន់​នៃ​ការប្រកួត​នេះ។ យើង​បាន​ប្រព្រឹត្ត​កំហុស​ដ៏​មិន​គួរឱ្យ​ជឿ​ក្នុងដំណាក់កាល​ដ៏​សំខាន់។ កំហុស​ទាំងនោះ​បានសម្លាប់​យើង»។

ស្របពេល​ជាមួយគ្នានេះ លោក Pep Guardiola បាន​បញ្ជាក់ថា Sergio Aguero គួរតែ​មិនអាច​ធ្វើបាន​ល្អប្រសើរ​ជាង​នេះឡើយ ក្រោយពី​ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester City បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​លត់​ក្រុម Huddersfield យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 កាលពី​ថ្ងៃអាទិត្យ។

ក្រុម​ម្ចាស់​ជើងឯក​របស់លោក Guardiola បាន​បើក​យុទ្ធនាការ​នៅលើ​ទឹកដី​របស់​ពួកគេ ជាមួយនឹង​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ ហើយ Aguero បាន​បន្ត​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​របស់គេ​នៅលើ​ទីលាន។

លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City ពិតជា​រំភើប​ចំពោះ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់ Aguero និង​បាន​ទទួលស្គាល់ថា ខ្សែប្រយុទ្ធ​របស់លោក​កំពុងតែ​ឈានទៅ​កាន់​កម្រិត​ថ្មី​មួយ៕

ប្រភពពី៖ Channel News Asia

Advertisement