អត្ត​ព​លិ​ក​ជប៉ុន​ទាំង 4រូប ចេញមុខ​សុំទោស​ចំពោះ​ការទិញ​សេវា​ផ្លូវភេទ​ក្នុង Asian Games

កីឡាករ​បាល់បោះ 4រូប​របស់​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ បានចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ការធ្វើឱ្យ​ប្រទេស​របស់ខ្លួន​ទទួលរង​នូវ «ភាពអាម៉ាស»  ក្រោយពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games សម្រាប់​ការទិញ​ស្ត្រី​ពេស្យា​ដើម្បី​រួមភេទ។

គណៈកម្មាធិការ​អូឡាំពិក​របស់​ជប៉ុន (JOC) ត្រូវបាន​ធ្វើឱ្យ​ធ្លាក់​ចូលក្នុង​រឿងអាស្រូវ ក្រោយពី​កីឡាករ​ទាំង 4រូបនោះ ត្រូវបាន​គេ​ឃើញ​ស្ថិតក្នុង​តំបន់​ភ្លើងពណ៌​ក្រហម​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា របស់​ប្រទេស​ឥណ្ឌូនេស៊ី ទាំង​ស្ថិតក្នុង​សម្លៀកបំពាក់​របស់​ក្រុម​ជម្រើសជាតិ​កាលពី​សប្តាហ៍​មុន។

ការបណ្តេញ​កីឡាករ Yuya Nagayoshi, Takuya Hashimoto, Takuma Sato និង Keita Imamura នឹង​ក្លាយជា​រឿង​ដ៏​អាម៉ាសមុខ​សម្រាប់​ជប៉ុន ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រយៈពេល 2ឆ្នាំ​ទៀត។ ក្រោយពី​កីឡាករ​ទាំង 4រូប បាន​វិល​ទៅកាន់​ទីក្រុង​តូ​ក្យូ​វិញ កាលពី​ថ្ងៃ​ចន្ទ Sato បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ខ្ញុំ​ពិតជា​ត្រូវសុំ​ការ​អភ័យទោស​សម្រាប់​ទង្វើ​មិន​យកចិត្តទុកដាក់​របស់​យើង ដែល​បានផ្តល់​ភាពអាម៉ាស​មិន​ត្រឹមតែ​ដល់​អ្នកគាំទ្រ​កីឡាបាល់បោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​រាល់​ប្រជាជន​ជប៉ុន​ផងដែរ»។

ឯ Nagayoshi ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវធំ​ពណ៌​ខ្មៅ និង​ក្រវាត់ក បាន​បញ្ជាក់ថា រូបគេ «មិនអាច​គិតពី​ការលេង» កីឡាបាល់បោះ​ម្តងទៀត​ឡើយ។

លោក Yuko Mitsuya ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​របស់​ជប៉ុន បាន​បញ្ជាក់ថា ខ្លួន​នឹង​រង់ចាំ​របាយការណ៍​ពី​គណៈកម្មាធិការ​មេធាវី​ពិសេស​ជាមុនសិន មុននឹង​ដាក់ទណ្ឌកម្ម​ដល់​កីឡាករ​ទាំង 4រូប​ជា​ផ្លូវការ៕

ប្រភពពី៖ Channel News Asia

Advertisement