លោក Hodgson រិះគន់​លើ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ Liverpool ផ្តួល Crystal Palace

លោក Roy Hodgson បាន​បញ្ជាក់ថា លោក «នឹងមិន​ទទួលយក» បាល់​ប៉េ​ណា​ល់​ទី ដែល​បានធ្វើឱ្យ​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចន្ទ​ឡើយ។

លោក​អាជ្ញាកណ្តាល Michael Oliver បាន​ចង្អុល​ទៅ​ចំណុច​ពិន័យ 11ម៉ែត្រ នៅ​ជិត​បញ្ចប់​តង់​ទី១ ក្រោយពី​បាន​កាត់សេចក្តី​ថា ខ្សែការពារ Mamadou Sakho របស់​ក្រុម Crystal Palace បាន​ប្រព្រឹត្ត​កំហុស​ទៅលើ​តារា​ឆ្នើម Mohamed Salah របស់​ក្រុម​ភ្ញៀវ។

រូបភាព​វីដេអូ​ផ្សាយ​ឡើងវិញ បានបង្ហាញ​ពី​ការប៉ះទង្គិច​គ្នា​រវាង​កីឡាករ​ទាំង2 នៅ​មុនពេល​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អេ​ហ្ស៊ី​ប Salah ដួល ដែលនាំឱ្យ​ខ្សែបម្រើ James Milner ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-០ នា​កីឡដ្ឋាន Selhurst Park កាលពី​ថ្ងៃ​ចន្ទ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា Salah ត្រូវបាន​ចោទប្រកាន់ថា ធ្វើ​ពុត​ជា​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ នៅ​ចុង​តង់​ទី1។ លោក Gary Neville អតីត​ខ្សែការពារ​របស់​ក្លិប Manchester United និង​កំពុងតែធ្វើការ​ឱ្យ​ទូរទស្សន៍ Sky Sports បាន​អះអាងថា វា​ជាការ​ធ្វើ​ពុត​ជា​ដួល​យ៉ាងពិត​ប្រាកដ ដោយបាន​និយាយថា៖ «មនុស្ស​ជាច្រើន​នឹងមិន​ចូលចិត្ត​លើ​ករណី​នេះឡើយ។ ប្រសិនបើ​វា​ប្រឆាំងនឹង​អ្នក អ្នកនឹង​គិតថា វា​ជា​រឿង​ធម្មតា។ វា​ជាការ​ដួល​ហួស​ពី​ការពិត ដែល​យើង​បានឃើញ​កីឡាករ​ជាច្រើន​ធ្លាប់​បានធ្វើ»។

ដើម្បី​បន្ថែម​ទៅលើ​ភាព​សោកសៅ​របស់​ក្រុម Crystal Palace កីឡាករ Aaron Wan-Bissaka ត្រូវ​បានផ្តល់​ការពិន័យ​កាត​ក្រហម​បណ្តេញចេញ​ក្នុង​តង់​ទី2 សម្រាប់​ការ​ទាញ​ឱ្យ Salah ដួល ខណៈដែល​រូបគេ​កំពុងតែ​បណ្តើ​របាល់​ដាច់​តែឯង។

លោក Hodgson គ្រូបង្វឹក​របស់ Crystal Palace បានឱ្យដឹងថា៖ «វា​ជា​មិនមែនជា​បាល់​ប៉េ​ណា​ល់​ទី​ឡើយ… ខ្ញុំ​បាន​ស្ថិតនៅ​ជាមួយនឹង​កីឡាបាល់ទាត់​ជា​យូរ​មកហើយ។ ប្រសិនបើ​វា​ជា​បាល់​ប៉េ​ណា​ល់​ទី ការប្រកួត​នោះ​មាន​លក្ខណៈ​ខុសពី​គេ​ហើយ»៕

ប្រភពពី៖ Liverpool Echo

Advertisement