Nadal និង Djokovic ត្រូវការ​ឈ្នះ 1លើក​ទៀត ដើម្បី​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

ម្ចាស់​ការពារ​តំណែង​ជើងឯក US Open គឺ Rafael Nadal និង​ម្ចាស់​ជើងឯក 2សម័យកាល Novak Djokovic ត្រូវការ​ជ័យជម្នះ​ត្រឹមតែ 1លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈដែល​កីឡាករ​ទាំង2 សុទ្ធសឹង​ត្រូវបាន​រំពឹងទុក​ថា នឹង​ឆ្លង​ផុត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​នេះ។

កីឡាករ​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Nadal នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​អា​ហ្ស​ង់​ទីន Juan Martin del Potro ស្រប​ពេលដែល​កីឡាករ Novak Djokovic ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ជប៉ុន Kei Nishikori ដើម្បី​ប្រជែង​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី7 នៅលើ​ទីលាន Flushing Meadows។

Nadal ដែល​បានគេច​ផុតពី​ការបរាជ័យ​ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ​អូទ្រីស Dominic Thiem ដើម្បី​ឈាន​មកកាន់​វគ្គ 4នាក់​ចុង​ក្រោយនេះ មានកំណត់​ត្រា​ឈ្នះ​ដល់​ទៅ 11លើក ចាញ់ 5លើក នៅពេល​ប្រកួត​ជាមួយនឹង Del Potro ខណៈដែល​ការ​ចាញ់​លើកចុងក្រោយ​របស់គេ​បាន​កើតឡើង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ2016។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដែល​បាន​ផ្តួល Del Potro នៅ​ឆ្នាំនេះ​ក្នុង​ព្រឹត្តិការណ៍ French Open វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​Wimbledon វគ្គ 8នាក់​ចុងក្រោយ​រូបនេះ ហាក់​មិនបាន​ធ្លាក់ចុះ​ទម្រង់​លេង​របស់ខ្លួន​សោះឡើយ។ Nadal ដែល​បានឈ្នះ​ពាន US Open 3លើក​នោះបាន​ឱ្យដឹងថា៖ «គាត់ (Del Potro) ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​ការ​ប្រជែង​ក្នុងពេល​ប្រកួត​ជាមួយនឹង​រូបគេ​នៅលើ​ទីលាន​រឹង ពិតជា​ស្វិតស្វាញ​សម្រាប់​ខ្ញុំ​ជាង​ការលេង​នៅលើ​ទីលាន​ពណ៌​ក្រហម»៕

ប្រភពពី៖ Channel News Asia

Advertisement