Serena Williams រងពិន័យជាប្រាក់ 17.000ដុល្លារ ក្រោយពី​ផ្ទុះ​កំហឹង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ US Open

កីឡាការិនី​វាយ​កូន​បាល់ Serena Williams ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន 17,000ដុល្លារ​អាមេរិក ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាមេរិក ក្រោយពី​នាង​បាន​បញ្ចេញ​កំហឹង អំឡុងពេល​នៃ​ការ​ចាញ់​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ US Open វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ចម្រូងចម្រាស ក្រោម​ស្នាដៃ​កីឡាការិនី​ជប៉ុន Naomi Osaka។

តារា​ឆ្នើម​របស់​អាមេរិក​រូបនេះ​ត្រូវបាន​ពិន័យ​សម្រាប់​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​រ៉ាកែត និង​គ្រូបង្វឹក និង​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ នៅពេលដែល​នាង​បាន​ចោទប្រកាន់​លោក​អាជ្ញាកណ្តាល Carlos Ramos ថា​ជា «ចោរ» ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍។

Williams បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ការព្រមាន​ពី​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​គ្រូបង្វឹក បើទោះបី​លោកគ្រូ​បង្វឹក Patrick Mouratoglou ដែល​អង្គុយ​ក្នុង​ប្រអប់​របស់​នាង បាន​ទទួលស្គាល់ថា លោក​ពិតជា​បានផ្តល់​ការណែនាំ​មែន​ក៏ដោយ។

ការប្រព្រឹត្ត​ល្មើស​នោះបាន​ធ្វើឱ្យមាន​ការពិន័យ​ជា​ទឹកប្រាក់ 4,000ដុល្លារ ស្របពេល​ដែល​ការ​ប្រព្រឹត្តល្មើស​លើក​ទី2 របស់​នាង​បាន​កើតឡើង​ក្រោយពី​នាង​បាន​វាយកម្ទេច​ដង​រ៉ាកែត​របស់ខ្លួន​ដោយសារតែ​ការ​វាយ​សេវា​មិន​បានល្អ​ក្នុង​សិត​ទី2 បានធ្វើឱ្យ​នាង​ត្រូវ​រង​ការពិន័យ​ជា​ប្រាក់​ចំនួន 3,000ដុល្លារ។

ការប្រព្រឹត្ត​ល្មើស​ទី2 ក៏បាន​ធ្វើឱ្យ​នាងរង​ការដក 1ពិន្ទុ​ក្នុងពេល​ប្រកួត​ផងដែរ ដែល​ធ្វើឱ្យ​នាង​វាយប្រហារ​ដោយ​ពាក្យសម្តី​ទៅលើ​លោក Ramos ខណៈដែល​ទង្វើ​នេះ​ធ្វើឱ្យ​នាង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់ 10,000ដុល្លារ។

ការប្រព្រឹត្ត​ល្មើស​លើក​ទី3 ក្នុងការ​ប្រកួត ក៏បាន​ធ្វើឱ្យ​នាង​ចាញ់​ការប្រកួត​ផងដែរ និង​ធ្វើឱ្យ​កីឡាការិនី Osaka ដណ្ដើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 6-2 និង6-4 និង​ដើម្បី​ក្លាយជា​កីឡាការិនី​ជនជាតិ​ជប៉ុន​ដំបូង​គេ​ដែល​ឈ្នះ​ពានរ​បស់ Grand Slam ដ៏​ល្បីល្បាញ​មួយ​នេះ៕

ប្រភពពី៖ Channel News Asia

Advertisement