Trippier៖ អង់គ្លេស មិនត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ

ខ្សែការពារ Kieran Trippier បាន​បញ្ជាក់ថា វា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ភ័យ​ស្លន់ស្លោ​ឡើយ ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​រង​បរាជ័យ​ជា​លើក​ទី3 ជាប់ៗគ្នា ក្នុងការ​ប្រកួត​បើកឆាក​នៃ​យុទ្ធនាការ Nations League របស់​ពួកគេ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ។

ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នា​កីឡដ្ឋាន Wembley គឺជា​ការប្រកួត​លើក​ទី1 របស់លោក Gareth Southgate ចាប់តាំងពី​ពួកគេ​បាន​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងប្រទេស​រុស្ស៊ី។ ប៉ុន្តែ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស មិនអាច​ដណ្តើមយក​ប្រៀប​នៃ​ការជួប​លទ្ធផល​យ៉ាង​ល្អ​ក្នុងប្រទេស​រុស្ស៊ី​ឡើយ ដោយ​ចាញ់​ការប្រកួត​ជា​លើក​ទី3 ជាប់ៗគ្នា ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុងការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3។

ខ្សែប្រយុទ្ធ Marcus Rashford បា​នរក​គ្រាប់​បាល់​បើកឆាក​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ុន្តែ​កីឡាករ Saul Niguez បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ហើយ​កីឡាករ Rodrigo បា​នរក​គ្រាប់​បាល់​ឈ្នះ​ក្នុង​តង់​ទី1។ ប៉ុន្តែ ខ្សែការពារ Trippier របស់​ក្លិប Tottenham បាន​បញ្ជាក់ថា វា​គ្មានអ្វី​ត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1។ កីឡាករ​រូបនេះ​បានឱ្យដឹងថា៖ «វា​មិនមែនជា​កង្វល់​អ្វី​ឡើយ។ យើង​កំពុងតែ​កសាង​ភាពខ្លាំង ហើយ​យើង​អាចធ្វើ​បាន ក្នុងពេល​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​បែបនេះ។ យើង​ចង់​សាកល្បង​ខ្លួន​យើង​ពេល​ប៉ះ​ក្រុម​ខ្លាំង​បំផុត ហើយ​ពិតណាស់ យើង​បាន​បង្កើតឱ្យមាន​ការ​ប្រជែង​មួយ»៕

ប្រភពពី៖ Channel News Asia

Advertisement