Bradley ផ្តួល Rose ក្នុង​វគ្គ Playoff ដើម្បី​ឈ្នះ​ពាន BMW Championship

កីឡាករ​​វាយ​គោល Keegan Bradley បាន​បញ្ចប់​ការ​មិន​ឈ្នះ​ពាន​សោះ​​រយៈពេល​ 6ឆ្នាំរបស់ខ្លួន នៅ​ពេលដែល​រូប​គេ​បាន​ឈ្នះ​ពាន BMW Championship តាម​រយៈ​ការផ្តួល​កីឡាករ Justin Rose ក្នុង​វគ្គ​ Playoff កាលពី​ថ្ងៃ​ចន្ទ ហើយកីឡាករ​​អង់​គ្លេស​រូបនេះថែមទាំង​ទទួលបាន​រង្វាន់​លើកទឹក​ចិត្តមួយ​ទៀត​គឺ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោកទៀតផង​។

Bradley ធ្វើ​បាន​យ៉ាង​ល្អ​ទៅលើ​រន្ធ​​បន្ថែម​ទី​1 ដើម្បី​យកឈ្នះលើ Rose ក្រោយពី​កីឡាករ​ទាំង​2 បានប​ញ្ចប់​ការ​ប្រកួត​ដោយ​រក​បាន​ពិន្ទុ​សរុប​260ដូចគ្នា​នៅ​លើ​ទីលាន Aronimink ក្នុង​ទីក្រុង Philadelphia​។

Rose បាន​វាយ​កូន​​គោល​មិន​ចូល​រន្ធ​ក្នុង​ចម្ងាយ​​ដ៏ខ្លី ដែល​នាំ​ឱ្យមាន​ការ​ឈាន​ទៅកាន់​ការប្រកួត​​បន្ថែម​ ប៉ុន្តែ គេនៅ​តែ​អាច​ក្លាយ​ជា​​កីឡាករ​ទី​22 ដែលបាន​គ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​1 ​លើពិភព​លោក​។ ក្រោយពី​ឈ្នះពាន​ក្នុង​កម្មវិធី PGA Tour ជាលើក​ទី​4 ​របស់​គេ Bradley បាននិយាយ​ទាំង​​រំ​ជួល​​​ចិត្ត​ក្នុង​កិច្ច​សម្ភាសន៍​មួយថា៖ «ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ជឿ​ឡើយ​។ វា​ពិត​ជា​អស្ចារ្យ​ណាស់​​។ វា​កើត​ឡើង​ដោយ​សារ​តែ​ការ​​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំងក្លា​។​ មនុស្ស​ជា​ច្រើន​​ជួយ​ដល់ខ្ញុំ​»​។

Bradley វ័យ​ 32​ឆ្នាំ បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ជាលើក​ទី​1 ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ PGA Championship ឆ្នាំ​2011 ប៉ុន្តែ​រហូត​ដល់ថ្ងៃ​ចន្ទ រូប​គេ​មិន​បានឈ្នះពានអ្វី​សោះ​បើ​គិត​ចាប់​តាំងពីឆ្នាំ​2012​។

ជ័យ​ជម្នះ​របស់​គេ បាន​បញ្ចប់​ការ​ប្រកួត​ពេញ​ 1​សប្តាហ៍​ដែល​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ចន្ទ ក្រោយពី​​មានភ្លៀងធ្លាក់​​យ៉ាង​ខ្លាំងក្លា ដែល​បាន​ធ្វើ​ឱ្យ​ទីលាន​មិន​អាច​លេង​បាន សម្រាប់​ជុំ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​៕

ប្រភពពី៖ Channel News Asia

Advertisement