Terry ច្រានចោលឱកាសក្នុងការចូលរួមជាមួយក្លិប Spartak Moscow

John Terry អតីត​ខ្សែ​ការ​ពារ​​​ដ៏ឆ្នើម​របស់​ក្លិប Chelsea បាន​ច្រាន​ចោល​ឱកាស​ក្នុងការ​​បំពេញ​ការផ្ទេរ​​ដ៏​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅកាន់ក្លិប​រុស្ស៊ី Spartak Moscow​។ Terry ត្រូវ​បាន​​សារព័ត៌​​មាន​ចេញ​ផ្សាយ​ថា ស្ទើរ​តែ​បានចុះហត្ថលេខា​ជា​មួយ​នឹង​ក្លិប Spartak ទៅហើយ ក្រោយពី​បាន​ធ្វើ​ដំណើរ​ដោយ​យន្ត​ហោះ​ឯក​ជន​មួយ​គ្រឿង​ទៅកាន់​ទីក្រុង​រ៉ូម កាលពីថ្ងៃ​សុក្រ ដើម្បី​​ពិនិត្យ​សុខ​ភាព​​។

ខ្សែ​ការ​ពារ​វ័យ​ 37​ឆ្នាំ​រូបនេះ ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ទទួល​សំណើ​ជា​មួយ​នឹង​ប្រាក់ចំណូល​ 3លាន​ផោន (ស្មើនឹង​ 3.9​លាន​ដុល្លារ​អាមេរិក) សម្រាប់​កិច្ច​សន្យា​រយៈពេល​ 1ឆ្នាំ​។ Spartak ហាក់​មាន​​ការ​ជឿជាក់​​ក្នុង​ការ​នាំ​យក​កីឡាករ​ជើង​ចាស់​រូបនេះ តាមរយៈ​ការ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ថា ពួកគេ​ត្រៀម​​ទទួល​ភ្ញៀវ​ដ៏​សំខាន់​ម្នាក់​។ ប៉ុន្តែ ក្រោយពី​បាន​ធ្វើ​ការ​ពិចារណា​ទៅ​លើ​ការ​​ផ្ទេរ​នេះ​ជាមួយនឹងក្រុម​គ្រួ​សារ​របស់​គេ Terry​ ដែលមាន​កូន​ 2​នាក់ ជាមួយនឹង​ភរិយា Toni របស់​ខ្លួន បាន​​សម្រេច​ចិត្ត​​បដិសេធ​ការផ្ទេរ​ទៅកាន់ទីក្រុងម៉ូស្គូនេះ​​​។ Terry បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន​ថា៖ «ក្រោយពី​​ពិចារណា​រឿងផ្សេង​ៗរួចមក ខ្ញុំ​បានសម្រេច​ចិត្ត​​ច្រាន​ចោល​កិច្ច​សន្យា​មួយ ពីសំណាក់​ក្លិប Spartak Moscow​។ ខ្ញុំ​ចង់​យក​ឱកាសនេះ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់ Spartak និង​ជូន​ពរ​ឱ្យ​ពួក​គេ និង​អ្នក​គាំទ្រ​របស់​ពួក​គេ​​ជួប​តែ​សំណាង​ល្អ សម្រាប់​រដូវ​កាល​​នេះ​។ ពួកគេ​ជា​ក្លិប​ពោរ​ពេញដោយមហិច្ឆ​តា ហើយ​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ជាមួយនឹង​ភាពជា​អាជីព​របស់​ពួក​គេ​​»​។ Terry បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ក្រោយពី​ពិភាក្សា​ជា​មួយ​នឹងក្រុម​គ្រួ​សាររបស់​ខ្ញុំលើ​ការផ្ទេរ​នេះរួចមក យើង​បាន​សម្រេច​ចិត្ត​ថា នេះ​មិនមែន​ជា​​ការ​ផ្ទេ​រ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​យើង​ឡើយ​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement