UEFA នឹងរៀបចំយុទ្ធនាការលំដាប់ទី3 សម្រាប់ក្លិបនៅអឺរ៉ុប ពីរដូវកាលឆ្នាំ2021-2022

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងត្រូវចាប់ផ្តើមយុទ្ធនាការលំដាប់ទី3 សម្រាប់ក្លិបអឺរ៉ុប ពីចាប់ពីរដូវកាលឆ្នាំ2021-2022។ នេះបើយោងតាមការប្រកាសរបស់លោក Andrea Agnelli ដែលជាប្រធានសហព័ន្ធក្លិបអឺរ៉ុប (ECA)។

ក្នុងពេលបើកកិច្ចប្រជុំរបស់លោកនៅឯសន្និបាតរយៈពេល 2ឆ្នាំម្តងរបស់ ECA ក្នុងទីក្រុង Split កាលពីថ្ងៃអង្គារ ប្រធានក្លិប Juventus រូបនេះបានឱ្យដឹងថា៖ «ស្របពេលដែលកំពុងរង់ចាំការអនុម័តរបស់គណៈកម្មាធិការប្រតិបត្តិរបស់ UEFA ភ្លើងខៀវត្រូវបានផ្តល់ឱ្យដើម្បីយុទ្ធនាការលំដាប់ទី3 និងដើម្បីនាំយកក្លិបសរុបចំនួន96 ចូលរួមក្នុងរដូវកាលឆ្នាំ2021-2022»។ លោក Agnelli ប្រធានសហព័ន្ធក្លិបទ្វីបអឺរ៉ុប បានប្រាប់សមាជិករបស់ខ្លួនក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Split ថា វានឹងមានយុទ្ធនាការលំដាប់ទី3 ដែលនឹងត្រូវរៀបចំឡើងរួមជាមួយនឹងក្របខ័ណ្ឌដែលមានស្រាប់ដូចជា Champions League ដែលជាយុទ្ធនាការលំដាប់ទី1 និងក្របខ័ណ្ឌលំដាប់ទី2 Europa League។ ក្រោយមក ECA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា សំណើនេះគឺជាមានគោលបំណងក្នុងការកាត់បន្ថយចំនួនក្រុមក្នុងក្របខ័ណ្ឌ Europa League វគ្គចែកពូលពី48 នៅត្រឹម 32ក្រុម។ ក្របខ័ណ្ឌ Champions League នឹងរក្សានៅដដែលជាមួយនឹងក្រុមចំនួន32 ក្នុងវគ្គចែកពូល។ អឺរ៉ុប ធ្លាប់មានយុទ្ធនាការក្របខ័ណ្ឌលំដាប់ទី3 សម្រាប់ក្រុមឈ្នះពានក្នុងស្រុកនានា ដែលមានឈ្មោះថា Cup Winners’ Cup ប៉ុន្តែ ពាននេះត្រូវបានលុបចោលទៅវិញក្នុងឆ្នាំ1999។ បច្ចុប្បន្ន ក្រុមឈ្នះពាន នឹងឈានទៅកាន់ក្របខ័ណ្ឌ Europa League តែម្តង៕

ប្រភពពី៖ The Guardian

Advertisement