លោក Enrique សរសើរក្រុមអេស្ប៉ាញ ក្រោយលត់ក្រូអាស៊ី ចាស់ដៃ

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានផ្តល់ភាពអាម៉ាស់ដល់ក្រុមជើងឯករងនៃព្រឹត្តិការណ៍ World Cup ក្រូអាស៊ី តាមរយៈការកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 6-០ ក្នុងការប្រកួតនៃយុទ្ធនាការ UEFA Nations League កាលពីថ្ងៃអង្គារ។

ក្រុមជម្រើសជាតិក្រូអាស៊ីរបស់លោក Zlatko Dalic បានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ បានបាត់បង់ទម្រង់លេងតាមរយៈគ្រាប់បាល់របស់កីឡាករ Saul Niguez និងគ្រាប់បាល់ 2គ្រាប់បន្ថែមទៀតនៅតង់ទី1 តាមរយៈកីឡាករ Marco Asensio។ បន្ទាប់មក Asensio បានជួយឱ្យក្រុមខ្លួនរកបាន 3គ្រាប់បន្ថែមទៀតក្នុងតង់ទី2 ខណៈដែលកីឡាករ Rodrigo Moreno, Sergio Ramos និងIsco បានបំពេញជ័យជម្នះយ៉ាងកក់ក្តៅក្នុងការប្រកួតនៅទីក្រុង Elche។ លោក Luis Enrique ទើបតែបានចូលកាន់តំណែង ក្រោយពីការធ្លាក់ចេញដ៏អាម៉ាស់ ក្រោមស្នាដៃក្រុមជម្រើសជាតិរុស្ស៊ី ក្នុងព្រឹត្តិការណ៍ World Cup បានធ្វើឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីទម្រង់លេងបែបគ្រប់គ្រងបាល់ឱ្យបានច្រើនរបស់ពួកគេបានជួយឱ្យពួកគេឈ្នះពានធំៗ 3លើកជាប់ៗគ្នា នៅចន្លោះឆ្នាំ2008 និងឆ្នាំ2012ក៏ដោយ។ ការផ្តួលក្រុម2 ដែលសុទ្ធសឹងបានឈានទៅប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងរយៈពេល 4ថ្ងៃ ធ្វើឱ្យអេស្ប៉ាញឈរនៅលើកំពូលតារាងនៃពូល 2 ក្នុង League A នៃយុទ្ធនាការ Nations League។

លោកLuis Enrique បានឱ្យដឹងថា៖ «វានឹងក្លាយជារឿងដ៏ងាយស្រួលក្នុងការនិយាយថា នេះហើយគឺជាក្រុមអេស្ប៉ាញ ក្រោយពីបានបង្កើតឱកាសជាច្រើន និងបណ្តោយឱ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនតិចបំផុត ប៉ុន្តែ អ្វីដែលជាការពិតនោះគឺថា ខ្ញុំកំពុងផ្លាស់ប្តូរអ្វីៗបានយ៉ាងរហ័ស»៕

ប្រភពពី៖ Daily Mail

Advertisement