Vettel ចង់ផ្តល់ភាពជូរចត់ដល់ Hamilton នៅលើទឹកដីសិង្ហបុរី ចុងសប្តាហ៍នេះ

កីឡាករ Sebastian Vettel កំពុង​តែ​ស្ថិតក្រោមសម្ពាធ ក្នុង​ការ​កាត់​បន្ថយពិន្ទុនាំ​មុខ​របស់​កីឡាករ Lewis Hamilton នៅ​លើ​តា​រាង​ពិន្ទុ​រួម ក្នុង​ព្រឹត្តិការណ៍ Singapore Grand Prix នៅ​ចុង​សប្តាហ៍​នេះ ក៏ដូច​ជា​លុប​ចោល​ការ​​ចង​ចាំ​ដ៏​ឈឺ​ចាប់​របស់​ក្រុម Ferrari ពី​ការ​ប្រណាំង​កាលពី​ឆ្នាំមុន​ដែរ។

ជា​ធម្ម​តា ក្រុម Mercedes ជួប​ការ​លំ​បាក​នៅលើ​ទីលាន​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏ក្តៅ Marina Bay Circuit ប៉ុន្តែ ​កាលពីឆ្នាំ​2017 Hamilton បាន​ទទួល​ជ័យជម្នះ​ពីការ​ចេញ​ដំណើរ​ពី​លេខ​រៀង​ទី​5 ​លើ​ទីលាន ក្រោយពី​​ទាំងក្រុម Ferrari និង​កីឡាករ Max Verstappen របស់​ក្រុម Red Bull សុទ្ធ​សឹង​បាន​​ជួប​បញ្ហា​ដូច​គ្នា​នៅលើ​ទីលាន​។ ក្រុម Ferrari និង Vettel នៅ​តែមាន​ការ​ជឿជាក់ ក្រោយពី Hamilton បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​នៅ​លើទីលាន Mozaក្នុង​ប្រទេស​អ៊ី​តាលី កាលពី​ 10​ថ្ងៃ​មុន បើ​ទោះ​បី​ក្រុម​មួយ​នេះ បាន​ដណ្តើម​យក​ការនាំមុខ​មុន​នៅលើ​ទីលាន​ប្រណាំង​របស់​ខ្លួន​ក៏ដោយ​។ ការ​ជួប​បញ្ហា​របស់ Vettel ក្នុង​ជុំ​ទី​1 ក្រោយពី​ការ​ប៉ះ​ទង្គិច​ជា​មួយ​នឹង Hamilton បាន​ធ្វើ​ឱ្យកីឡាករ​អង់គ្លេស​រូបនេះ បង្កើន​ពិន្ទុ​នាំមុខ​របស់​គេ​នៅលើ​តារាង​​ជើង​ឯក​ផ្នែក​បើក​បរ​រហូត​ដល់​ទៅ​ 30​ពិន្ទុ ហើយ​កីឡាករ​ Vettel សញ្ជាតិអាល្លឺ​ម៉ង់ បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស្តារ​មុខមាត់ត្រឡប់​មក​វិញ នៅ​លើ​ទឹកដី​សិង្ហ​បុរី ជាកន្លែងដែល​រូប​គេ​ធ្លាប់​បាន​ឈ្នះ​ការ​ប្រណាំង​ចំនួន​​ 4លើក​។

ក្រោយពី​ការ​ប្រណាំង​នៅ​អ៊ី​តាលី Vettel បាន​ឱ្យដឹង​ថា៖ «ពិត​ណាស់ វា​​គឺ​ជា​រឿង​ដ៏ខក​ចិត្តមួយនៅ​ពេលនេះ​។ ប៉ុន្តែ​ខ្ញុំ​​នឹង​​ប្តូរ​ទំព័រ​ថ្មី និង​ផ្តោតលើ​ការ​ប្រណាំង​នៅ​សិង្ហ​បុរី​។ ខ្ញុំ​ចូល​ចិត្ត​កន្លែង​នោះ ហើយ​ខ្ញុំ​រីករាយ​ក្នុងការ​​ទៅ​ប្រកួតនៅទីនោះ​»​។ ការ​ប្រណាំង​នេះ នឹងចាប់​ផ្តើម​នៅម៉ោង​4:09រសៀល (ម៉ោង​នៅ​កម្ពុជា)​៕

ប្រភព​ពី៖ Channel News Asia

Advertisement