Mayweather ថា ខ្លួន​នឹង​បញ្ចប់​ការ​ចូលនិវត្តន៍​ដើម្បី​ប្រកួត​សង​សឹក​ជាមួយ Pacquiao

កីឡាករ​ប្រដាល់​ជើង​ចាស់ Floyd Mayweather បានប្រកាស​ថា រូប​គេនឹង​បញ្ចប់​ការ​ចូល​និវត្តន៍ ដើម្បី​ប្រកួត​សង​​សឹក​ជា​មួយ​នឹងកីឡាករ Manny Pacquiao របស់​ហ្វីលីពីន នៅ​ចុង​​ឆ្នាំ​នេះ​។

Mayweather បានប្រកាស​ពី​គម្រោង​នៃការ​ប្រកួត​សង​សឹក​មួយ​នេះ នៅលើ​បណ្តាញ​សង្គម Instagram កាលពី​យប់​ថ្ងៃ​សៅរ៍​​។ Mayweather បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram ថា៖ «ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​វិញ​ដើម្បី​ប្រកួត​ជា​​មួយ​នឹង Pacquiao នៅ​ឆ្នាំ​នេះ ជា​មួយ​​នឹង​​តម្លៃខ្លួន​ប្រកួត​​ដែល​មាន​ចំនួន​លេខ​9ខ្ទង់​»។ កីឡាករ​​ប្រដាល់​សញ្ជាតិ​អាមេរិក​រូបនេះ មិន​បាន​ផ្តល់​កាល​បរិ​ច្ឆេទ​ជាក់​លាក់​សម្រាប់​ការ​ប្រកួត​​សង​សឹក​​ឡើយ ប៉ុន្តែក្នុង​រូប​ភាព​វី​ដេ​អូ​ដែល​រូប​គេ​បាន​ពិភាក្សា​ជាមួយ​នឹង Pacquiao រូប​គេ​បាន​បញ្ជាក់​ថា ការ​ប្រកួត​សង​សឹកនឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ធ្នូ​។ Mayweather ទទួល​បាន​ចំណូល​ប្រមាណ​ជា​ 220​លាន​ដុល្លារ​ពី​ការ​ប្រកួត​លើក​ទី​1 ​របស់​គេ​ជា​​មួយនឹង Pacquiao ដែល​បាន​កើត​ឡើង​ក្រោយពី​ការ​​ចរ​ចា​គ្នា​អស់​គ្នា​រយៈពេល​ជាច្រើន​ឆ្នាំ​ ឯPacquiao ទទួល​បាន​ចំណូល​ចំនួន​ 100​លាន​ដុល្លារ​ពីការ​ប្រកួតនោះ​។ ក្រោយ​មក Mayweather បាន​ចូល​និវត្តន៍​​នៅ​ចុង​ឆ្នាំ​2015 ក្រោយពី​ការ​​ដណ្តើម​បាន​ជ័យជម្នះ​ជាលើក​ទី​49​របស់​គេ ប៉ុន្តែ រូបគេបានវិល​ទៅ​​កាន់​សង្វៀន​ប្រដាល់​​វិញ ដោយបាន​យកឈ្នះ​លើ​កីឡាករ​គុន​ចម្រុះ Conor McGregor​។

Pacquiao ដែល​បាន​​អះ​អាង​ថា ខ្លួន​បាន​រង​របួស​ស្មាកាលពីការប្រកួត​លើកទី​១​របស់​​គេ​ជា​មួយ Mayweather នោះ បាន​បង្ហាញពី​បំណង​របស់​គេ​ក្នុង​​ការ​ប្រកួត​សង​សឹក​ជា​យូរ​មកហើយ​។ Pacquiao ដែល​​មាន​កំណត់ត្រា​ឈ្នះ​ 60លើក ចាញ់ ​7​លើក និង​ស្មើ ​2លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ 39​លើក​នោះ បាន​​វិល​ទៅកាន់​សង្វៀន​ប្រកួត​វិញ​កាលពី​ខែកក្កដាដោយបានផ្តួល​កីឡាករ​អា​ហ្សង់ទីន Lucas Matthysse ក្នុង​ទឹក​ទី​7 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​​៕

ប្រភព​ពី៖ ESPN

Advertisement