លោក Klopp សរសើរភាព​ឆ្លាត​វៃ​របស់ Neymar ខណៈ Salah ត្រៀម​បង្ហាញ​ថ្វី​ជើង

លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​កា​រពារ​ការ​សម្តែង​​នៅលើ​ទីលាន​របស់ Neymar ក្នុង​ព្រឹត្តិការណ៍ World Cup និង​ជឿជាក់​ថា វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ​ក្នុង​ការ​មើល​ស្រាល​តារា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ នៅពេលដែលក្រុម Paris Saint-Germain នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ​។

លោក Klopp បាន​បញ្ជាក់​ថា Neymar មិនមាន​ភាព​រឹងប៉ឹងទាំង​ស្រុង​ឡើយកាលនៅ​ប្រទេស​រុស្ស៊ី ក្រោយពី​បាន​បាក់​ឆ្អឹង​ត្រង់​ប្រអប់​ជើង​របស់​គេកាលពី​ខែ​កុម្ភៈ ដែល​បាន​បង្ខំ​ឱ្យ​រូប​គេ​ត្រូវ​សម្រាក​​អស់​រយៈពេល​ដ៏​យូរមុន​យុទ្ធ​នា​ការ World Cup​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​រូបនេះ បាន​ទទួ​ល​នូវការកោត​សរសើរ​សម្រាប់​ទម្រង់​លេង​របស់​គេ និង​បានក្លាយ​ជា​​តួ​កំ​ប្លែង​សម្រាប់​ការ​សម្តែង​ការ​​រង​របួស​​ជ្រុល​ហួស​ហេតុ​របស់​គេ ខណៈ​ដែល​ប្រេស៊ីល បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ 8​​ក្រុម​ចុងក្រោយ​ក្រោមស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​។

Mohamed Salah បាន​បង្ហាញពី​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​តា​រា​ឆ្នើម Neymar និងKylianMbappe ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League កាលពី​រដូវកាល​មុន ប៉ុន្តែខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង2​ ​របស់​ក្រុម Paris Saint-Germain នេះនឹង​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield នៅ​រាត្រីនេះ ដោយ​សម្លឹង​រក​ការ​ស្តារ​មុខមាត់​នានា​ ស្រ​ប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិ​អេ​ហ្ស៊ីប Salah ​ កំពុង​តែ​​​ព្យា​យាម​រក​ទម្រង់​លេង​​ដ៏ល្អ​​ឥត​ខ្ចោះ​របស់​គេ​ក្នុង​យុទ្ធ​នាការ​ទី​1 ​​ជាមួយ Liverpool​។ កាល​ពី​ខែ​ឧស​ភា Salah បាន​បង្កើត​ឱ្យ​មានការ​ចាប់​អារម្មណ៍​ផ្សេង​ៗ ខណៈ​ដែល​គ្រាប់​បាល់​សរុប​ចំនួន​ 44​គ្រាប់​របស់​​គេ​បាន​ជួយ​ឱ្យ​ក្រុម Liverpool ឈាន​ទៅ​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League និង​​បាន​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​សិទ្ធិ​ទៅលេងក្នុង​យុទ្ធ​នាការ​នៃ​រដូវ​កាលនេះ​។

ហេតុនេះ Salah នឹង​សម្លឹង​រក​ការ​បង្ហាញថ្វី​ជើង​របស់​គេ​ម្តង​ទៀត ក្នុង​ការប្រកួត​1 ​​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​រំភើប​បំផុត​នៃក្រប​ខ័ណ្ឌ Champions League​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​2 ទៀប​ភ្លឺ​៕

ប្រភ​ពពី៖ Sport24

Advertisement