លោក Klopp កោតសរសើរ​ក្រុម​ខ្លួន​ក្រោយ​ផ្តួល PSG ខណៈ Messi រកបាន 3គ្រាប់

លោក Jurgen Klopp បាន​កោតសរសើរ​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែប្រយុទ្ធ Roberto Firmino និង Daniel Sturridge ខណៈដែល​ក្រុម​ហង្ស​ក្រហម Liverpool បានចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ ជាមួយនឹង​ជ័យជម្នះ​ដ៏​រំភើប​ក្នុង​លទ្ធផល 3-2 លើ​ក្រុម Paris Saint-Germain កាលពី​ថ្ងៃ​អង្គារ។

ក្រុម​របស់លោក Klopp បា​នរក​គ្រាប់​បាល់​នាំមុខ 2គ្រាប់​មុន នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង ដែល​ប្រជុំ​ដោយ​តារាឆ្នើមៗ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Sturridge និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​ខ្សែបម្រើ James Milner។

ខ្សែការពារ Thomas Meunier បា​នរក​គ្រាប់​បាល់ 1គ្រាប់​វិញ​សម្រាប់​ក្រុម PSG នៅ​មុនពេល​សម្រាក​តង់​ទី1 ហើយ​ខ្សែប្រយុទ្ធ KylianMbappe បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើមបាន​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​នៅ​នាទី​ទី83។ ប៉ុន្តែ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Firmino បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​របស់ Liverpool និង​ដណ្តើមបាន៣ពិន្ទុ​ពេញ​នៅ​នាទី​បន្ថែម តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ 1គ្រាប់​ថែមទៀត។

លោក Klopp បាន​និយាយ​ទាំង​អារម្មណ៍​ធូរស្រាល​ថា៖ «វា​ពិតជា​សំខាន់​ណាស់ ដែល​យើង​ចាប់ផ្តើម​បានល្អ​ដូចដែល​យើង​បាន​រំពឹងទុក។ យើង​មាន​ភាពខ្លាំង​ក្នុងការ​គ្រប់គ្រង​បាល់  យើង​បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង ដោយសារតែ​យើង​រំពឹងទុក​ពី​ការផ្លាស់ប្តូរ​របស់​ពួកគេ។ យើង​ត្រូវ​ការឱ្យ​កីឡាករ​ទាំងអស់​ផ្តោតអារម្មណ៍ ហើយ​យើង​បានធ្វើ​ការងារ​របស់​យើង​យ៉ាង​ល្អ។ យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​វា​ជា​គ្រាប់​បាល់​រន្ទះ»។

ស្របពេល​ជាមួយគ្នានេះដែរ  Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ក្រុម Barcelona ចាប់ផ្តើម​យ៉ាង​ល្អ​នៅ​ថ្ងៃ​បើកឆាក​នៃ Champions League តាមរយៈ​ការ​ផ្តួល​ក្រុម PSV Eindhoven របស់​ហូ​ឡង់ ក្នុង​លទ្ធផល 4-០ នា​កីឡដ្ឋាន Camp Nou៕

Advertisement