Hamilton សម្លឹង​រក​ការ​នាំមុខ​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី

ម្ចាស់​ការពារ​តំណែង​ជើងឯក Lewis Hamilton និង​ក្រុម Mercedes នឹង​សម្លឹង​រក​ការបន្ថែម​ការគ្រប់គ្រង​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ជើងឯក​ពិភពលោក Formula 1 នៅ​ឆ្នាំនេះ តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​ជា​លើក​ទី5 ក្នុង​រយៈពេល5ឆ្នាំ​ក្នុងការ​ប្រណាំង Russian Grand Prix។

មិនមាន​ក្រុម​ផ្សេង​ណា​បាន​ភ្លក្ស​រសជាតិ​នៃ​ជ័យជម្នះ​មួយ​ឡើយ បើ​គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​នេះ បានចាប់ផ្តើម​នៅលើ​អតីត​លាន​ព្រឹត្តិការណ៍​អូឡាំពិក​របស់​រុស្ស៊ី​មួយ​នេះ កាលពី​ឆ្នាំ2014 ខណៈដែល Hamilton បានឈ្នះ​កាលពី​ឆ្នាំ2015 កីឡាករ Nico Rosberg បានឈ្នះ​កាលពី​ឆ្នាំ2016 ហើយ Valtteri Bottas បានឈ្នះ​កាលពី​ឆ្នាំមុន។

ស្រប​ពេលដែល​កំពុងត​នាំមុខ 40ពិន្ទុ​លើ​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ក្នុងការ​ប្រជែង​ពាន Hamilton ដែលជា​ម្ចាស់​ជើងឯក​ពិភពលោក 4សម័យកាល នឹង​សម្លឹង​រក​ការធ្វើដំណើរ​ទៅកាន់​ប្រណាំង6លើកចុងក្រោយ​នៃ​រដូវ​កាល​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ4លើក ក្នុងចំណោម​ការប្រណាំង5លើកចុងក្រោយ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Toto Wolff ប្រធាន​ក្រុម Mercedes បានធ្វើការ​ប្រពាន​ប្រឆាំងនឹង​ការជឿជាក់​ពេក ខណៈដែល​ពួកគេ​ឈានចូល​ដំណាក់កាល​ដ៏​សំខាន់បំផុត​នៃ​ការ​ប្រជែង​យកពាន​ពិភពលោក។ ការ​ដណ្តើមបាន​ជ័យជម្នះ​របស់ Hamilton ក្នុងប្រទេស​សិង្ហ​បុរី អាច​នឹងធ្វើ​ឲ្យ​រូបគេ​ស្ថិតក្នុង​ទីតាំង​ដ៏​មានប្រៀប ក្រោយពី​រូបគេ​បាន​ប្រើប្រាស់​ល្បឿន​ដ៏​អស្ចារ្យ​ក្នុងការ​ប្រណាំង​ដណ្តើម​លេខ​រៀង។ ប៉ុន្តែ លោក Wolff បាន​សង្កត់ធ្ងន់ថា ក្រុម​ជា​គូប្រជែង Ferrari នឹង​ក្លាយ​ជាការ​គំរាម​ដ៏​ធំ​បំផុត​ក្នុង​រាល់​ការប្រណាំង​ទាំងអស់។ ការប្រណាំង​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 6:10ល្ងាច៕

ប្រភពពី៖ Channel News Asia

Advertisement