អាល្លឺម៉ង់ ផ្តួល តួ​ក​គី ដើម្បី​ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Euro ឆ្នាំ2024

អាល្លឺម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានឈ្នះ​ការ​ប្រជែង​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប ឆ្នាំ2024 ខណៈដែល សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​គាំទ្រ​ការដេញថ្លៃ​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា មាន​សុវត្ថិភាព​ជាង​សំណើ​មួយ​ពី​សំណាក់​ប្រទេស​តួ​ក​គី។

បញ្ហានយោបាយ ការបង្រួបបង្រួម​ជាតិ និង​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​តួ​ក​គី បាន​ក្លាយជា​កត្តា​កាត់សេចក្តី​យ៉ាងសំខាន់ ក្នុង​យុទ្ធនាការ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​អន្តរជាតិ​របស់​អឺរ៉ុប។

ទីបំផុត លទ្ធផល​មិនមាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ឡើយ ខណៈដែល​អាល្លឺម៉ង់ ដែលជា​បេក្ខភាព​ឈានមុខ​គេ បានឈ្នះ​ការបោះឆ្នោត​ក្នុងចំណោម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA តាមរយៈ​លទ្ធផល 14-4 ដោយ​អវត្តមាន1សំឡេង។

UEFA បាន​បញ្ជាក់ថា សំណើ​ដេញថ្លៃ​របស់​អាល្លឺម៉ង់ បាន​ឆ្លើយតប​គ្រប់​ចំណុច​ទាំងអស់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​មួយ​ប្រកបដោយ​ភាពជោគជ័យ ចាប់តាំងពី​កីឡដ្ឋាន រហូតដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សណ្ឋាគារ។

ក្រោយពី​បេក្ខភាព​ដែល​ឈ្នះ​សិទ្ធិ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅ​ទីស្នាក់ការ​របស់ UEFA នៅ​ប្រទេស​ស្វ៊ី​ស លោក Reinhard Grindel ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា៖ «យើង​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បំពេញ​តាម​ការរំពឹងទុក​រប​ស់​យើង»។

អាល្លឺម៉ង់ បាន​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2006 ប៉ុន្តែ មិន​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Euro ក្នុងនាម​ជា​ប្រទេស​មានការ​បង្រួបបង្រួម​ឡើយ ខណៈដែល​អាល្លឺម៉ង់ ខាងលិច​បាន​ធ្វើជា​ម្ចាស់ផ្ទះ​យុទ្ធនាការ​នេះ ក្នុង​ឆ្នាំ1988 ពោលគឺ​រយៈពេល១ឆ្នាំ នៅ​មុនពេល​ជញ្ជាំង​ទីក្រុង​ប៊ែ​រ​ឡាំង បាន​ដួលរលំ៕

ប្រភពពី៖ Channel News Asia

Advertisement