Hamiltonឈ្នះ​ការ​ប្រណាំង​នៅ​រុស្ស៊ី ដើម្បី​បន្ថែមពិន្ទុនាំ​មុខ​លើ​តារាង​ជើង​ឯក

កីឡាករ​​ប្រណាំង​រថយន្ត Lewis Hamilton បាន​បង្កើន​ការ​នាំមុខ​របស់​គេ​នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​ផ្នែក​បើករថយន្ត​ប្រណាំង​នៅឆ្នាំ​នេះ រហូត​ដល់​​ 50​ពិន្ទុ នៅពេល​ដែល​រូប​គេ​ដណ្តើម​បាន​ជ័យជម្នះ​​មួយ ក្រោម​ការ​​ជួយ​ពី​សំណាក់​​ក្រុម​បច្ចេក​ទេស​របស់ Mercedes ក្នុង​ព្រឹត្តិការណ៍ Russian Grand Prix កាលពីថ្ងៃ​អាទិត្យ​។

ម្ចាស់​ការ​ពារ​ជើង​​ឯក​ពិភពលោក 4​សម័យ​​កាល​រូបនេះបាន​ចាប់​ផ្តើមការ​ប្រណាំង​ដោយ​ស្ថិតនៅលើ​លេខ​រៀង​ទី​2 តែត្រូវ​បាន​ជួយ​​ដោយ​​មិត្ត​រួម​ក្រុម Mercedes គឺ Valtteri Bottas ដែល​បាន​អនុ​ញ្ញាត​ឱ្យ​រូប​គេ​បើក​វ៉ា ហើយ​បន្ទាប់​មក បាន​ការ​ពារ​រូប​គេ​​មិន​ឱ្យ​រង​នូវការ​​ជែងវ៉ា​ពី​សំណាក់​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari​ ទៀតផង។ ប្រធា​នា​ធិបតី​រុស្ស៊ី លោក Vladimir Putin ដែល​​បាន​អង្គុយ​ក្បែរ​លោក Bernie Ecclestone អតីត​ប្រធាន F1 ក្រោយពី​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ទីលាន​ប្រណាំង Sochi Autodrom បានមើល​ឃើញកីឡាករ​អង់គ្លេស Hamilton ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ដ៏គួរ​ឱ្យកត់សម្គាល់​របស់​ក្រុម Mercedes និង​បាន​បើក​វ៉ា​លើ Vettel ​ក្នុង​ល្បឿន​យ៉ាងល្អ​។

Bottas បាន​ចាប់​​ផ្តើម​​ការ​ប្រណាំង​ដោយ​ស្ថិតក្នុង​លេខ​រៀង​នាំមុខ​​គេ​លើ​ទីលាន និងមិន​​មាន​ទឹកមុខ​រីក​រាយ​ឡើយ​ក្នុង​ពេល​ត្រូវ​បាន​ចោទ​សួរ​ទាក់​ទង​នឹង​ការ​ស្តាប់​ការ​បញ្ជា​របស់​ក្រុម​ដែល​​បាន​​រា​រាំង​​មិន​ឱ្យ​រូបគេ​ឈ្នះ​ការ​ប្រណាំង ខណៈ​ដែល​រូប​គេ​បានបញ្ចប់​​ក្នុង​ថិរ​វេលា​2.545​វិនាទី​ពីក្រោយ​កីឡាករ Hamilton ដែល​​ហាក់​មិន​ស្រណុក​ក្នុង​ខ្លួន​ឡើយ​​ចំពោះ​ស្ថាន​ភាពនេះឡើយបន្ទាប់​ពីការ​ប្រណាំង​។

Vettel បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ហើយ​​កីឡាករ​អាល្លឺ​ម៉ង់​រូបនេះ បាន​ឃើញ Hamilton កាន់​តែ​បន្ថែម​ការនាំមុខ​របស់​គេ​នៅលើ​​តារាង​ពិន្ទុ​រួម​៕

ប្រភព​ពី៖ Channel News Asia

Advertisement