Ronaldo បដិ​សេធ​លើ​ករណី​រំលោភ​តារា​បង្ហាញម៉ូដម្នាក់​នៅអាមេរិក​​កាលពីឆ្នាំ​2009

ស្ត្រី​អាមេរិកម្នាក់ បាន​​ចេញមុខ​ជា​សា​ធារណៈ​ដើម្បី​ចោទ​ប្រកាន់​ថា តារា​បាល់​ទាត់​ដ៏ឆ្នើម Cristiano Ronaldo បាន​រំលោភ​រូប​​នាង​នៅ​ឯ​សណ្ឋា​គារ​1​ ក្នុង​ទីក្រុង Las Vegas កាលពី​​រយៈ​ពេល​ 9​ឆ្នាំមុន​។ នាង Kathryn Mayorga វ័យ​ 34ឆ្នាំ បាន​ប្រាប់​ទស្ស​នា​វដ្តី​អាល្លឺម៉ង់ Der Spiegel ថា​ នាង​បាន​ជួប​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ ក្នុង​ទីក្រុង Las Vegas នៅ​ឯ​ក្លិប​រាត្រី​មួយ កាលពី​ខែមិថុនា ឆ្នាំ​2009​។ ក្រោយ​មក នៅ​​ឯ​បន្ទប់​របស់​គេក្នុង​សណ្ឋា​គារ Palms Place នាង​បាន​ចោទ​ប្រកាន់​ថា Cristiano Ronaldo បាន​​រំលោភ​រូប​នាង ហើយ​បន្ទាប់​មកបាន​សុំ​អភ័យ​ទោស​នាង​វិញ​។

មេធាវី​របស់ Ronaldo កាលពីថ្ងៃ​សុក្រ បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ប្តឹង​ទស្ស​នាវដ្តី​របស់​អាល្លឺ​ម៉ង់ សម្រាប់​ការ​ចេញ​ផ្សាយ​ការ​ចោទ​ប្រកាន់​មិនផ្លូ​វការ​នេះ​។ Ronaldo វ័យ​ 33​ឆ្នាំ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា ជា​​ព័ត៌​មាន​មិន​​ពិត ហើយ​រូប​គេ​បាន​បញ្ជាក់​ថា ករណី​ផ្លូវ​ភេទ​នេះ គឺ​ជា​ការ​ព្រម​ព្រៀង​ទាំង​សង​ខាង​។ មាន​​ព័ត៌​មាន​ចេញ​ផ្សាយ​ថា រូប​គេ​បាន​យល់​ព្រម​បង់​ប្រាក់​ឱ្យនាង Mayorga ចំនួន​287,000ផោន (ស្មើ​នឹង​37.4​ម៉ឺន​ដុល្លារ​អាមេរិក) ដើម្បី​រា​រាំង​មិន​ឱ្យ​រូប​​នាង​ប្តឹង​ពី​បទ​ឧក្រិដ្ឋ ដែលអាច​នឹង​​ធ្វើ​ឱ្យ​រូប​គេ​ជាប់​គុក​1​ជីវិត និង​រារាំង​មិន​ឱ្យ​នាង​និយាយ​រឿង​នេះ​ជា​សា​ធារណៈ​។ ប៉ុន្តែ បច្ចុប្បន្ន​មេ​ធាវី​​របស់​នាង កំពុង​តែ​ព្យា​យាម​លុប​ចោល​សំណង​​នោះ ហើយ​នាង​បាន​និយាយ​​ករណី​នេះ​ជា​លើក​ទី​1​។ ឯក​សារ​ផ្នែក​ច្បាប់​មួយ បង្ហាញពីការ​​ចោទ​ប្រកាន់​ផ្សេង​ៗ​ប្រឆាំង​នឹង Ronaldo ដែល​​ជា​អតីត​តារាឆ្នើម​របស់​ក្លិប Manchester United​។

ឯក​សារ​ពី​តុលា​ការ​ដែល​ត្រូវ​បាន​ដាក់​ដោយ​មេធាវី​របស់​នាង បាន​សរសេរ​ថា៖ «Cristiano Ronaldo បាន​ទាញ​ជន​រង​​​គ្រោះ​ចូល​ក្នុង​បន្ទប់​ដេក និង​ទៅ​លើ​គ្រែ ហើយ​រូប​គេ​បានព្យា​យាម​ចាប់​បង្ខំ​ឱ្យ​នាង​រួម​ភេទ​ ទោះ​បី​នាង​ឆ្លើយ​ថា ទេ ក៏ដោយ​»​៕

ប្រភព​ពី៖ The Straits Times

Advertisement