លោក Mourinho៖ មិន​បារម្ភ​ពី​ការងារ​របស់លោក មុនពេល​ប៉ះ Valencia រាត្រី​នេះ

លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United ជឿជាក់ថា កីឡាករ​ដែល​ធ្លាក់​ទម្រង់​លេង​របស់លោក​មួយចំនួន មានការ​ឈឺចាប់​ជាង​កីឡាករ​ផ្សេង​ទៅទៀត ខណៈដែល​ពាក្យ​ចចាមអារ៉ាមផ្សេងៗកំពុងតែ​កើនឡើង​យ៉ាងច្រើន​ថា ពេលវេលា​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នៅ​កីឡដ្ឋាន Old Trafford នឹង​ឈានដល់​ទីបញ្ចប់​ឬ​យ៉ាងណា?។

ការរង​បរាជ័យ​ជា​លើក​ទី3 ក្នុងការ​ប្រកួត 7លើក​នៃ​ក្របខ័ណ្ឌ Premier League នៅលើ​ទឹកដី​ក្រុម West Ham កាលពី​ថ្ងៃ​សៅរ៍ បានធ្វើឱ្យ​ក្រុម Man United ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តារាង Manchester City និង​Liverpool ដល់​ទៅ 9ពិន្ទុ។

នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ក្រុម Valencia នៅ​រាត្រី​នេះ លោក Mourinho បាន​បញ្ជាក់ថា លោក​មិន​បារម្ភ​ចំពោះ​ការងារ​របស់លោក​ឡើយ ប៉ុន្តែ​បាន​បដិសេធ​ក្នុងការ​បញ្ជាក់ថា លោក​បាន​ជួបប្រជុំ​ជាមួយនឹង​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប គឺ​លោក Ed Woodward កាលពី​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន ឬ​យ៉ាងណា​ឡើយ។

លោក Mourinho ក៏បាន​ការពារ​កីឡាករ​របស់លោក​ផងដែរ​ពី​ការចោទប្រកាន់ផ្សេងៗទាក់ទង​នឹង​ការមិន​ព្យាយាម​ឱ្យបាន​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ជឿជាក់ថា កីឡាករ​ខ្លះ​កំពុងតែ​ធ្លាក់ចុះ​ទម្រង់​លេង មានការ​ឈឺចាប់​ជាង​កីឡាករ​ផ្សេង​ទៅទៀត។

លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា កីឡាករ​ខ្លះ​មានការ​ខ្វល់ខ្វាយ​ជាង​កីឡាករ​ផ្សេង​ទៅទៀត ក្រោយពី​រយៈពេល 20ឆ្នាំ​ក្នុង​កីឡាបាល់ទាត់ ខ្ញុំ​នៅតែ​ជា​ក្មេង​ដូច​កាលពីមុន។ ខ្ញុំ​នៅតែ​ខ្វះ​នូវ​បទពិសោធ ប៉ុន្តែ​ខ្ញុំ​មិន​ជឿជាក់ថា កីឡាករ​ម្នាក់​មិន​ស្មោះត្រង់​នោះឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2ទៀបភ្លឺ៕

ប្រភពពី៖ Channel News Asia

Advertisement