Osakaត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជុំ​ទី​ 3 នៃ​ពាន China Open

កីឡាការិនី​វាយកូន​បាល់ Naomi Osaka កំពុង​តែ​​ស្រេក​ឃ្លានក្នុងការ​បន្ត​ដំណើរ​ទៅ​មុខ​ពី «ការ​ចង​ចាំ​ផ្អែម​លាយ​ល្វីង» នៃ​ការ​​ឈ្នះពាន​ក្នុង​ព្រឹត្តិការណ៍​ US Open កាលពី​ខែមុន ហើយ​កីឡា​ការិនី​រូបនេះ បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​រឹង​មាំ​ក្នុងយុទ្ធនាការ China Open កាលពីថ្ងៃអង្គារ​។

តា​រាឆ្នើមស្រី​វ័យ​ក្មេង​របស់​ជប៉ុន​រូបនេះ បាន​​យកឈ្នះ​លើ​កីឡាការិនី​អាមេរិក Danielle Collins យ៉ាង​ងាយស្រួល​ក្នុងលទ្ធផល 6-1 និង​6-0 ក្នុង​រយៈពេល​​ត្រឹម​តែ​ 53​​នាទី នៅលើ​ទីលាន​រឹង​​ក្នុង​ទីក្រុង​ប៉េ​កាំង ដើម្បី​ឈាន​ទៅ​ប្រកួត​ជុំ​ទី​3​។ ជាមួយ​គ្នា​នេះ ទម្រង់​លេង​យ៉ាង​ល្អ​របស់​កីឡា​ការិនី​ចិន Wang Qiang បាន​​បន្ត​ ក្រោយពី​នាង​បាន​យកឈ្នះ​លើ​កីឡា​ការិនី​ឡេ​តូនី Jelena Ostapenko ដែល​ជាម្ចាស់​ជើង​ឯក French Open ឆ្នាំ​2017 ក្នុង​លទ្ធ​ផល 6-០ និង​6-០​។ Ostapenko ដែលមាន​ចំណាត់​ថ្នាក់​​លេខ​12 ​ប្រចាំ​ព្រឹត្តិការណ៍ បានត្រូវ​ការ​ការ​ព្យា​បាល​ដៃ​ខាង​​ឆ្វេង​របស់​គេ អំឡុង​ពេលនៃការ​ប្រកួត ប៉ុន្តែជ័យជម្នះ​បាន​កើតឡើង​ពីការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់ Qiang នៅចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​។

Osaka វ័យ​ 20​ឆ្នាំ ដែល​ការ​ឈ្នះ​ពាន​តែ​1 ​​​ក្នុងកម្មវិធី Grand Slam របស់​នាង​ត្រូវ​បាន​រំខាន​ដោយ​ជម្លោះ​របស់​កីឡា​ការិនី Serena Williams ជាមួយ​នឹង​អាជ្ញា​កណ្តាល​ក្នុង​ទីក្រុង​ញូវ​យ៉ក​នោះ នឹង​ត្រូវ​​ប៉ះ​ជា​មួយ​នឹង​កីឡា​ការិនី Julia Goerges ក្នុង​វគ្គ​បន្ទាប់ ក្នុង​រដ្ឋ​ធានី​របស់​ចិន​។ កេរិ៍្ត​ឈ្មោះ Osaka កំពុង​តែ​មាន​ភាពល្បីល្បាញ ហើយ​មន្ត្រី​​រៀប​​ចំ​ការ​ប្រកួតកាលពីថ្ងៃអង្គារ បាន​បញ្ជាក់​ថា នាង​បាន​ទទួល​សិទ្ធិ​របស់​នាង​ក្នុង​ព្រឹត្តិ​ការណ៍ WTA Finals Singapore ជាលើក​ទី​1​៕

ប្រភព​ពី៖ Channel News Asia

Advertisement