Messi បង្ហាញ​ភាព​អស្ចារ្យនៅ Wembley នៅពេលដែល Barcaផ្តួល Spurs ចាស់​ដៃ

Soccer Football - Champions League - Group Stage - Group B - Tottenham Hotspur v FC Barcelona - Wembley Stadium, London, Britain - October 3, 2018 Barcelona's Lionel Messi celebrates scoring their fourth goal REUTERS/Eddie Keogh

Lionel Messi បាន​ជួយ​ឱ្យក្រុម Barcelona ងើប​ចេញ​ពី​ការ​ធ្លាក់​ចុះទម្រង់​លេង​នា​​ពេលថ្មី​ៗនេះ តាម​រយៈ​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះដោយក្រុមរ​បស់​​គេ​បាន​ផ្តួលក្រុម Tottenham Hotspurs 4-2 ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ពូល B ដ៏​រំភើបកាល​ពីថ្ងៃពុធ​។

តា​រាឆ្នើម​អន្តរ​ជាតិ​​​អា​ហ្សង់​ទីន​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​​​ 2​គ្រាប់ ដើម្បី​ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុបក្នុងក្រប​ខ័ណ្ឌ Champions League របស់​គេ​កើន​ឡើងដល់​​ 105​គ្រាប់ និង​ជា​អ្នក​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​រក​បាន​ 2​គ្រាប់​​ផ្សេង​ទៀត ខណៈ​ដែល​រូប​គេ​ក៏​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​ 2លើក នា​កីឡដ្ឋាន Wembley ផងដែរ​។ Messi វ័យ​ 31​ឆ្នាំ ទទួល​បាន​ការ​ទះ​ដៃ​សរសើរ​ក្នុង​ពេល​ចេញ​ពី​ទីលាន​​ដោយ​អ្នក​គាំទ្រ​ទាំង​ 2ក្រុម ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​ដែល​បាន​​ធ្វើ​ឱ្យ​ក្រុម Barcelona រក្សា​ការ​ឈរ​លេខ​1 ​ក្នុងពូល ហើយ​ក្រុម Tottenham កំពុង​​តែ​ធ្លាក់​ចូល​ក្នុង​​បញ្ហា​ ក្រោយពី​ការ​​រង​បរា​ជ័យ​ 2លើក​។

ខ្សែ​បម្រើ Philippe Coutinho រក​បាន​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ក្រោយពី​លេង​បាន​ត្រឹម​តែ​រយៈពេល​2នាទី​សម្រាប់​ក្រុម Barcelona ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ដោយ​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ពីការប្រកួតក្រប​ខ័ណ្ឌ La Liga 3ប្រកួត ខណៈ​ដែល Ivan Rakitic រក​បាន​គ្រាប់​បាល់​ទី​2 ​យ៉ាងល្អ​។ បន្ទាប់មក Messi ដែល​មុន​នេះ​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​ 2​លើក​នោះ ក៏រក​​បានគ្រាប់​បាល់​បញ្ចូល​ទី​នៅ​ចន្លោះ​គ្រាប់​បាល់​ពី Harry Kane និង Erik Lamela នៅមុន​ពេល​តារាឆ្នើម​អន្តរ​ជាតិ​​​អាហ្សង់​ទីន​រូ​បនេះ បាន​រកគ្រាប់​បាល់​ទី​2​​ របស់​គេឃើញ​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​បំពេញ​ជ័យជម្នះ​តែម្តង​។

លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​ឱ្យ​ដឹងថា៖​ «ក្រោយពី​ការ​ជួប​លទ្ធផល​មិន​ល្អ​ចំនួន​ 3លើកមក  វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​បានល្អ​នៅ​ថ្ងៃ​នេះ​។ ការ​ឆ្លើយ​តប​​របស់​យើង​ពិត​ជា​ល្អមែន​»​​៕

ប្រភព​ពី៖ Sky Sports

Advertisement