Real រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ ខណៈ Man Utdបាន​ត្រឹម​​ស្មើ

ក្រុម Real Madrid ដែល​ជាម្ចាស់​ជើង​​ឯក Champions League បាន​​រង​បរា​ជ័យ​ដ៏កម្រមួយ​ក្នុង​យុទ្ធ​នា​ការ​នេះ ខណៈ​ដែលពួក​គេ​បាន​ចាញ់​ក្នុងលទ្ធផល 1-០ នៅ​លើ​ទឹកដីក្រុម CSKA Moscow កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែលក្រុម Manchester United របស់​លោក Jose Mourinho បាន​ខ្វះ​​ភាពមុត​ស្រួច​ម្តង​ទៀត ក្នុង​ពេល​ទទួល​បានលទ្ធ​ផល​ស្មើ ០-០ ជាមួយ​នឹងក្រុម Valencia​។

ស្រប​ពេល​ដែល​ក្រុម Bayern Munich ក៏​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ជាមួយ​នឹងក្រុម Ajax ដែរ​នោះ វា​បាន​ក្លាយ​ជា​រាត្រី​ដ៏រីក​រាយសម្រាប់ក្រុម Manchester City របស់​លោក Pep Guardiola ខណៈ​ដែល​ពួក​គេ​​បាន​ផ្តួល​ក្រុម Hoffenheim ក្នុងលទ្ធផល 2-1 ហើយ​ក្រុម Juventus ក៏​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​លើ​ក្រុម Young Boys ផងដែរ ក្រោយពី​ការ​រក​បាន​ 3​គ្រាប់ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Paulo Dybala​។ Real មិន​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ពូល G ឡើយ​ ខណៈ​ដែលពួក​គេ​​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​នា​​ពេលថ្មី​ៗនេះក្នុង Champions League ប៉ុន្តែ ក្រុម​របស់​លោក JulenLopetegui បាន​របូត​​គ្រាប់​បាល់​ភ្លាម​ៗ​ក្រោយពីលេង​បាន​ត្រឹម​តែ​ 2​នាទី ​ក្នុង​ទីក្រុង​ម៉ូស្គូ ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​របស់​កីឡាករ Toni Kroos​។ Gareth Bale និង Sergio Ramos ស្ថិតក្នុង​ចំណោម​កីឡាករ​សំខាន់​ៗ​ដែល​បាន​អវត្ត​មាន​​នា​កីឡដ្ឋាន Luzhniki ប៉ុន្តែ ការ​បញ្ជូន​បាល់​ត្រឡប់​ក្រោយ​របស់ Kroos បាន​អនុ​ញ្ញាត​ឱ្យ​កីឡាករ Nikola Vlasic ដែល​ខ្ចី​ជើង​ពីក្លិប Everton រក​បាន​គ្រាប់​បាល់​ដើម្បី​ជួយ​ឱ្យក្រុម CSKA នាំមុខ ក្រោយពី​លេង​បាន​ត្រឹម​តែ​ 68​វិនាទី​។

ជាមួយ​គ្នានេះ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ខ្សែ​បម្រើ David Silva បាន​ជួយ​ឱ្យ​ក្រុម Man City ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 2-1 នៅ​លើ​ទឹកដីក្រុម Hoffenheim កាល​ពីថ្ងៃអង្គារ ខណៈ​ក្រុម​របស់​លោក Guardiola បាន​ធ្វើ​ឱ្យ​យុទ្ធ​នាការនៃក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​វិល​ទៅកាន់​ភាព​ល្អ​ប្រសើរ​វិញ ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​​៕

ប្រភព​ពី៖ Channel News Asia

Advertisement