Ramsey នឹង​បន្ត​លេង​ឱ្យ Arsenal រហូត​បញ្ចប់​រដូវ​កាល​នេះ ក្រោយ​បរាជ័យ​ក្នុងការ​ពិភាក្សា

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Aaron Ramsey មាន​គម្រោង​បន្ត​នៅ​ជាមួយនឹង​ក្លិប Arsenal រហូតដល់​ចុងរដូវ​កាល​នេះ និង​មិន​ធ្វើការ​ផ្ទេរចេញ​ក្នុងតម្លៃ​ខ្លួន​ដ៏​ទាប​មួយ​នៅ​ខែមករា ឡើយ ក្រោយពី​ទទួល​បរាជ័យ​ក្នុង​កិច្ចពិភាក្សា​លើ​កិច្ចសន្យា ជាមួយនឹង​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ។

Arsenal អាច​នឹង​ព្យាយាម​ទាញយក​ប្រាក់​ខ្លះ​លើ​ខ្សែបម្រើ​វ័យ២៧ឆ្នាំ​រូបនេះ ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែមករា ខណៈដែល​ក្លិបកំពូលៗក្នុង​ក្របខ័ណ្ឌ Premier League, La Liga និង Serie A កំពុងតែ​ពិនិត្យ​ទៅលើ​ស្ថានភាព​របស់គេ។ ប៉ុន្តែ Ramsey ដែល​នឹង​ក្លាយជា​កីឡាករ​មិន​ជាប់កិច្ចសន្យា​លេង​ឲ្យ​ក្លិប​ណា (Free-agent) ក្នុងពេល​បញ្ចប់​រដូវ​កាល​នេះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ជាប់កិច្ចសន្យា​ជាមួយនឹង Arsenal ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​ពី​សមត្ថភាព​នៅ​រដូវ​កាល​នេះ ដើម្បី​ព្យាយាម និង​សម្រេច​ឲ្យ​បាន​សមិទ្ធផល​ដ៏​ពិសេស»។

ខ្សែបម្រើ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «រាល់អ្វីៗទាំងអស់ កំពុងតែ​ដំណើរការ​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្លិប។ យើង​បានដឹងថា យើង​បាន​ស្ថិតក្នុង​ទីក្រុង​មួយ​ដែល​យើង​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ ប៉ុន្តែ ករណី​នោះ​មិនបាន​កើតឡើង​ឡើយ។ ហេតុនេះ ខ្ញុំ​ត្រូវតែ​បន្ត​លេង​កីឡាបាល់ទាត់ និង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់ Arsenal នៅ​រដូវ​កាល​នេះ ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ជាមួយ​នឹង​ក្លិប​នៅពេលនេះ»។

ខ្សែបម្រើ​អន្តរជាតិ​វេ​លស៍​រូបនេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុងពេល​ក្រុម Arsenal ដណ្តើមបាន​ជ័យជម្នះ ៥-១ នៅលើ​ទឹកដី​ក្រុម Fulham កាលពី​ថ្ងៃអាទិត្យ​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី៥៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន៣៣៨លើក​សម្រាប់ Arsenal ចាប់តាំងពី​ចូលរួម​ពី​ក្លិប Cardiff កាលពី​ឆ្នាំ២០០៨៕

ប្រភពពី៖ Channel News Asia

Advertisement