Halep ទទួល​បាន​ចំណាត់ថ្នាក់លេខ​1 ​ក្នុង​ពិភព​លោក​រយៈ​ពេល​ 2​ឆ្នាំ​ជាប់​ៗ​គ្នា

កីឡា​​ការិនី​វាយកូន​បាល់ Simona Halep ដែល​ជាម្ចាស់​ជើង​​ឯក French Open នឹង​បញ្ចប់​ឆ្នាំ​នេះ ក្នុងនាម​ជា​​កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​1 ក្នុង​ពិភព​លោក​សម្រាប់​រដូវកាល​ទី​2 ​​ជាប់ៗ​គ្នា​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​សហ​ព័ន្ធ​កីឡា​​វាយកូន​បាល់​ផ្នែក​នារីហៅកាត់​ថា WTA កាលពីថ្ងៃ​ចន្ទ​។

កីឡាការិនី​សញ្ជាតិ​រ៉ូម៉ានី​ វ័យ​ 27ឆ្នាំរូបនេះ បាន​ផ្តួល​កីឡា​ការិនី Sloane Stephens ក្នុង​ព្រឹត្តិការណ៍ French Open ដើម្បីឈ្នះ​ពាន​ក្នុង​កម្ម​វិធី Grand Slam ជាលើក​ទី​1 របស់​គេ កាលពីខែ​មិថុនា ហើយ​ និងបាន​ចំណាយ​​រយៈពេល​ 40​សប្តាហ៍​​ដោយ​ស្ថិតនៅលើ​កំពូល​តា​រាង នៅ​ចុង​រដូវ​កាលនេះ​។ Halep បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់ WTA ថា៖ «ការ​បញ្ចប់​រដូវកាល​នេះ ក្នុងនាម​ជា​កីឡាការិនី​មាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក​កាលពីឆ្នាំ​មុន គឺ​ជា​កិត្តិ​យស​ដ៏ធំមួយ​សម្រាប់​ខ្ញុំ​។ ការ​រក្សា​បាន​ចំណាត់ថ្នាក់​នេះ​ជាលើក​ទី​2 ​​ក្នុង​ឆ្នាំ​2018 គឺ​ជា​ការ​សម្រេច​បាននូវ​សមិទ្ធ​ផល​ដ៏ពិសេស​មួយ ជាពិសេស ក្រោយពី​ការ​ឈ្នះ​ពាន Grand Slam ជាលើក​ទី​1 ​របស់​ខ្ញុំ នៅ​ឆ្នាំ​នេះ​»​។

Halep ត្រូវ​បាន​គ្រោង​ធ្វើ​ការ​ប្រកួត​ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​សប្តាហ៍​នេះ នៅមុន​ពេល​បញ្ចប់​រដូវ​កាល​របស់​នាងក្នុងព្រឹត្តិការណ៍ WTA Finals នៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្តែបាន​ជួប​បញ្ហា​របួសត្រង់ខ្នង​របស់​នាង កាលពី​​ដើម​ខែ​នេះ ដែលនាំ​ឱ្យមាន​ភាព​​មិនច្បាស់​ចំពោះ​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​ 2លើក​៕

ប្រភព​ពី​៖ Channel News Asia

Advertisement