លោក Southgate៖ តំបន់​ប្រយុទ្ធ​របស់​​អង់គ្លេស បង្ហាញពី​ភាពខ្លាំង ក្រោយ​ផ្តួល​អេ​ស្ប៉ាញ

លោក Gareth Southgate ជឿជាក់​ថា តំបន់​ប្រយុទ្ធ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអង់គ្លេស បាន​ឆ្លើយ​តប​ទៅនឹង​ការ​រិះ​គន់​ផ្សេង​ៗ កាលពីថ្ងៃ​ចន្ទ តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ ក្នុង​​ការ​ប្រកួត​ដ៏​រំភើប​នៃ​តង់​ទី​1 ​នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។

ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​នៅ​ចន្លោះ​​គ្រាប់​បាល់​​របស់​​ខ្សែ​ប្រយុទ្ធ Marcus Rashford ស្រប​ពេល​ដែល​ Harry Kane ក៏​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ផងដែរ ខណៈ​ដែល​រូប​គេ​បាន​ជួយ​ឱ្យមិត្ត​រួមក្រុម​របស់​គេ​រក​បាន​គ្រាប់​បាល់​ 2​គ្រាប់​យ៉ាងល្អ ក្នុង​ពេល​អង់គ្លេស បាន​យកឈ្នះ 3-2 ក្នុង​ទីក្រុងSeville​។ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ មិន​ធ្លាប់​បាន​របូត​គ្រាប់​បាល់​​ 3​គ្រាប់​នៅលើ​ទឹកដីខ្លួន​ឯង​ឡើយ នៅ​មុន​ពេល​តង់​ទី​1 ហើយ​ស្រ​បពេល​ដែល​ខ្សែ​បម្រើ PacoAlcacer បាន​វាយ​បក​ 1​គ្រាប់​វិញ ជ័យជម្នះ​របស់​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស បាន​មាន​សុវត្ថិភាព នៅ​ត្រឹម​ពេល​ដែល​ខ្សែ​ការ​ពារ Sergio Ramos បាន​តែត​បាល់​បញ្ចូល​ទី​នៅ​​វិនាទី​ចុងក្រោយ​នៃ​ការ​ប្រកួត​នេះ​។ Sterling, Rashford និង Kane សុទ្ធ​សឹង​បាន​រង​នូវ​ការ​រិះគន់​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ Sterling មិនធ្លាប់​​បាន​រក​គ្រាប់​បាល់បញ្ចូល​ទី​សោះ​សម្រាប់​ក្រុម​ជម្រើស​ជាតិអង់គ្លេស ក្នុង​រយៈពេល​ 3ឆ្នាំ ស្រប​ពេល​ដែល​ការ​មិន​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ​របស់​ Kane បច្ចុប្បន្ន​បន្ត​រហូត​ដល់​ទៅ​ 7​ប្រកួត​។

ជា​មួយ​គ្នានេះ Rashford បាន​ខ្ជះ​ខ្ជាយ​ឱកាសមាស​ 2លើក នៅពេល​ប្រកួត​ជា​​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី កាលពីថ្ងៃ​សុក្រ​។ លោក Southgate បាន​ឱ្យ​ដឹង​ថា៖ «កីឡាករ​ទាំង​ 3​នាក់​បាន​យល់​ចំពោះ​សំណួរ​ដែល​ត្រូវ​បាន​ចោទ​សួរ ហើយ​រាល់​កីឡាករ​ទាំង​​3នាក់ បាន​ឆ្លើយ​តប​វិញ​ជាមួយ​នឹងការ​បង្ហាញពី​ទម្រង់លេង​យ៉ាង​រឹង​មាំ​»​​៕

ប្រភព​ពី៖ Worldsoccertalk

Advertisement