លោក Wenger រំពឹងទុក​ថា នឹង​វិល​ទៅកាន់​ការងារ​គ្រូបង្វឹក​វិញ​នៅ​ខែមករា

លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Arsenal រំពឹងទុក​ថា នឹង​បាន​វិល​ទៅធ្វើ​ការ​វិញ​នៅត្រឹម​ឆ្នាំ​ថ្មី​ខាងមុខនេះ ដោយ​និង​បានទទួល​នូវ​ការ​ស៊ើបសួរផ្សេងៗមកពី​ទូទាំង​ពិភពលោក។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក​ប្រាប់​កាសែត​អាល្លឺម៉ង់ Bild។

លោក Wenger ដែល​បាន​ចាក​ចេញពី​ក្លិប Arsenal កាលពី​ខែឧសភា ក្រោយពី​បាន​ដឹកនាំ​អស់​រយៈពេល22ឆ្នាំ បាន​បញ្ជាក់ថា លោក​មិនបាន​ដឹងថា​ការងារ​របស់​ពួកគេ​បន្ទាប់ពីនោះ​ជាការ​ងារ​អ្វី​ឡើយ ប៉ុន្តែ លោក​មាន​អារម្មណ៍​ថា លោក​បាន​សម្រាក​គ្រប់គ្រាន់ និង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ធ្វើការ​ម្តងទៀត។

គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​ចាប់ផ្តើម​ធ្វើការ​ម្តងទៀត​នៅ​ថ្ងៃទី1 ខែមករា។ ខ្ញុំ​មិនទាន់​ដឹងថា នៅ​កន្លែង​ណា​នៅឡើយ​ទេ»។

លោក Wenger វ័យ 68ឆ្នាំ ដែល​បាន​ដឹកនាំ​ក្លិប​ជប៉ុន Nagoya Grampus Eight នៅ​មុនពេល​ចូលរួម​ជាមួយនឹង Arsenal នោះ បាន​ប្រាប់​បន្តថា៖ «មាន​សហព័ន្ធ និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជាច្រើន ហើយ​វា​ក៏​អាច​នឹង​ស្ថិតក្នុង​ប្រទេស​ជប៉ុន​ផងដែរ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «សម្រាប់​រយៈពេល 22ឆ្នាំ​របស់ខ្ញុំ​ជាមួយនឹង Arsenal ខ្ញុំ​មាន​បទពិសោធ​ដ៏​ធំ​ក្នុង​កម្រិតផ្សេងៗគ្នា។ មានការ​ស៊ើបសួរ​ជាច្រើន​មកពី​ទូទាំង​ពិភពលោក»។

លោក Wenger បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League 3លើក​នៅ​ជាមួយ​ក្លិប Arsenal ប៉ុន្តែ ឆ្នាំ​ចុងក្រោយ​របស់លោក​នៅក្នុង​ក្លិប​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​នេះ មាន​ភាព​ត្រដាបត្រដួស​ខ្លាំង៕

ប្រភពពី៖ Channel News Asia

Advertisement