Pacquiao ថា មាន​ភាពច្បាស់លាស់ 90% ក្នង​ការជួប Broner នៅ​ខែមករា

សេ្ដច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​បញ្ជាក់ថា ការប្រកួត​នៅ​ខែមករា នៅលើ​ទឹកដី​អាមេរិក ជាមួយនឹង​កីឡាករ​អាមេរិក Adrien Broner មាន​ភាពច្បាស់លាស់​ស្ទើរតែ​ទាំងស្រុង​ហើយ ប៉ុន្តែ រូបគេ​បាន​ព្យាយាម​លុបចោល​ពាក្យ​ចចាមអារ៉ាមផ្សេងៗចំពោះ​ការប្រកួត​សងសឹក​ជាមួយនឹង​កីឡាករ Floyd Mayweather។

Pacquiao វ័យ 39ឆ្នាំ បាន​បង្កើតឱ្យមាន​ទំព័រ​ថ្មី​ក្នុង​អាជីព​កីឡាប្រដាល់​របស់គេ កាលពី​ខែកក្កដា ដែល​នៅពេលនោះ​រូបគេ​បាន​កត់ត្រា​ជ័យជម្នះ​តាមរយៈ​ការ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ជា​លើក​ទី1 ក្នុង​រយៈពេល 9ឆ្នាំ ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ Lucas Matthysse សញ្ជាតិ​អា​ហ្ស​ង់​ទីន។

ចាប់តាំងពី​ពេលនោះ​មក Pacquiao បាន​ច្រានចោល​ការអំពាវនាវ​នា​នា​ក្នុងការ​ចូលនិវត្តន៍ និង​បាន​សន្យាថា នឹង​ប្រកួត​ម្តងទៀត ដែល​បាន​នាំឱ្យមាន​ព័ត៌មាន​មិន​ច្បាស់លាស់​ទាក់ទង​នឹង​គូប្រកួត​បន្ទាប់​របស់គេ។ ប៉ុន្តែ ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​កាលពី​ថ្ងៃ​ពុធ ក្នុង​ទីក្រុង​ម៉ានីល Pacquiao បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «Broner, Adrien Broner»។

កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា រូបគេ​ចង់​ប្រកួត​ជាមួយនឹង​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក 4ប្រភេទ​ផ្សេងគ្នា​រូបនេះ នៅ​ថ្ងៃទី12 ឬ​ថ្ងៃទី19 ខែមករា ក្នុង​ទីក្រុង Las Vegas។ ខណៈ​បន្ថែមថា ការប្រកួត​នេះ មាន​ភាពច្បាស់លាស់៩០ភាគរយ​នោះ Pacquiao បានឱ្យដឹងថា៖ «វា​ស្ទើរតែ​ជាការ​ប្រកួត​ចុងក្រោយ​ហើយ ប៉ុន្តែ​វា​មិនទាន់​បញ្ចប់​នៅឡើយ​ទេ»។

Mayweather វ័យ 41ឆ្នាំ បានឱ្យដឹង​កាលពី​ខែកញ្ញា​ថា រូបគេ​នឹង​ចាក​ចេញពី​ការចូលនិវត្តន៍ ដើម្បី​ជួប​ជាមួយនឹង Pacquiao នៅ​ចុង​ឆ្នាំនេះ ក្នុងការ​ប្រកួត​សងសឹក​មួយ ក្រោយពី​ការជួបគ្នា​ជា​លើក​ទី1 កាលពី​ឆ្នាំ2015 ដែល​កីឡា​ករទាំង2 នឹង​រកបាន​ចំណូល​ច្រើន​ដូចគ្នា៕

ប្រភពពី៖ Channel News Asia

Advertisement