លោក Mourinho សន្យាថា នឹងមាន​ឥរិយាបថ​ដ៏​ល្អ​បំផុត​នៅ​ទឹកដី Chelsea ល្ងាច​នេះ

លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United បាន​សន្យាថា នឹង​បង្ហាញ​ពី​ភាព​អត់ធ្មត់ និង​ការគោរព ប្រសិនបើ​លោក​រង​បរាជ័យ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជា​លើក​ទី១នៅ​រដូវ​កាល​នេះ នៅលើ​ទឹកដី​អតីត​ក្រុម Chelsea របស់លោក​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក Mourinho ដែល​បាន​ដឹកនាំ​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ២លើក និង​បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ពាន​លី​ក៣លើក​នោះ មិនបាន​រីករាយ​ចំពោះ​ការជួបគ្នា​កាលពីមុន​ជាមួយនឹង​ក្រុម Chelsea ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Man United ដោយ​ចាញ់៤លើក​ក្នុងចំណោម​ការប្រកួត៦លើក ក្នុងនោះ​រាប់បញ្ចូល​ទាំង​ពាន FA Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពីដើម​ឆ្នាំនេះ​ផងដែរ។

លោក Mourinho បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «សម្រាប់​ខ្ញុំ វា​ជាការ​ប្រកួត១ផ្សេងទៀត។ តើ​ខ្ញុំ​នឹង​អបអរ​ដូច​មនុស្ស​ឆ្កួត​សម្រាប់​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ក្រុម​ខ្ញុំ ឬ​ដណ្តើមបាន​ជ័យជម្នះ​នៅ​កីឡដ្ឋាន Stamford Bridge ឬ? ខ្ញុំ​មិន​គិត​អ៊ីចឹង​ឡើយ»។

លោក Mourinho បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ពាក្យសម្តី ជាមួយនឹង​អតីត​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Antonio Conte ដែល​លោក​បាន​រិះគន់​សម្រាប់​ការអបអរ​ជ្រុល​ហួសហេតុ ក្រោយពី​ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ ៤-០ លើ​ក្រុម Man United ក្នុង​រដូវ​កាល​ឆ្នាំ២០១៦-២០១។

បើ​គិត​គ្មាន​ហេតុការណ៍​នោះ ឬ​លោក Conte លោក Mourinho បាន​បញ្ជាក់ថា លោក​តែងតែមាន​ការពិចារណា​ខ្ពស់​ចំពោះ​សកម្មភាព​របស់លោក នៅពេលដែល​ធ្វើដំណើរ​ទៅ​ជួប​អតីត​ក្លិប​របស់លោក ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ២លើ​តារាង ពោលគឺ៦ចំណាត់ថ្នាក់​ខ្ពស់ជាង​ក្រុម Man United។

លោក Mourinho បាន​បន្ថែមទៀតថា៖ «ខ្ញុំ​នឹង​ព្យាយាម​គ្រប់គ្រង​ខ្លួន​ខ្ញុំ និង​គោរព​ដល់​កីឡដ្ឋាន និង​អ្នកគាំទ្រ ដែល​ធ្លាប់ជា​អ្នកគាំទ្ររ​សប់​ខ្ញុំ និង​ជា​កីឡដ្ឋាន​របស់ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៦:៣០ល្ងាច៕

ប្រភពពី៖ Channel News Asia

Advertisement