Mayweather នឹង​ប្រកួត​ជាមួយ​​កីឡាករ​​ប្រដាល់​សេរី Tenshin នៅ​ជប៉ុន

November 6, 2018​ ម៉ោង 9:47 am

កីឡាករ​ប្រដាល់​សកល Floyd Mayweather នឹង​ប្រកួត​ជា​មួយ​​កីឡាករ​ប្រដាល់​សេរី និង​យុទ្ធគុន​ចម្រុះ TenshinNasukawa ក្នុង​ប្រទេស​ជប៉ុននៅ​ថ្ងៃ​ទី​31 ខែធ្នូ ក្រោយពី​បាន​ចុះ​​ហត្ថ​​លេខា​លើ​កិច្ច​សន្យា​មួយ​ជាមួយ​នឹងក្រុមហ៊ុន​​រៀប​ចំការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​​។

អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ 5​ប្រភេទ​ទម្ងន់​ផ្សេង​​គ្នា Mayweather បាន​ផ្តួល​​កីឡាករ Conor McGregor របស់​អង្គ​ភាព UFC ក្នុង​ការ​ប្រកួត​​​ប្រដាល់​សកលកាលពី​ខែ​សីហា ឆ្នាំ​2017 ដើម្បី​បន្ថែម​កំណត់​ត្រា​ឈ្នះ​របស់​រហូត​ដល់​ទៅ​ 50​លើក មិន​ដែល​ចាញ់​។ រូប​គេ​បាន​​និយាយ​​​កាលពី​ពេលថ្មី​ៗនេះ អំពីការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ជាមួយនឹងកីឡាករ KhabibNurmagomedov របស់ UFC និង​កីឡាករ Manny Pacquiao​។ រូបមន្ត និង​លក្ខខណ្ឌ​សម្រាប់​ការប្រកួ​ត​របស់​គេ​ជាមួយ​នឹង Nasukawa មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​។ កីឡាករ​​សញ្ជាតិ​អាមេរិក​វ័យ​ 41​ឆ្នាំ​រូបនេះ​ដែលមិនធ្លាប់​បាន​ប្រកួត​សោះ បើគិត​ចាប់​តាំងពី​ចាក​ចេញពី​ការ​ចូល​និវត្តន៍​ដើម្បី​ជួប​ជាមួយ​នឹង McGregor បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ធ្វើ​អ្វី​ដែល​ខុស​ពីគេ​ ខ្ញុំ​ចង់​បង្ហាញពី​ទេព​កោសល្យ​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក និង​ស្ថិតក្នុង​ការ​​​ប្រកួត​ដ៏ពិសេស​។ ខ្ញុំ​ចង់​ផ្តល់​ឱ្យ​មនុស្ស​ជា​ច្រើន​​នូ​វអ្វី​ដែល​ពួក​គេ​ចង់​បាន​ដូច​ជា​ ឈាម ញើស និង​ទឹក​ភ្នែក​​»​។ Mayweather បាន​បញ្ជាក់​ថា ប្រភេទ​ទម្ងន់ និង​លក្ខខណ្ឌ​​សម្រាប់​ការប្រកួតនេះ នឹង​ត្រូវ​ពិភាក្សា​នៅ​​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​។ កីឡាករ​ជប៉ុន Nasukawa វ័យ​ 20​ឆ្នាំ ប្រកួត​ទាំង​ក្នុង​ប្រដាល់​សេរី និង​យុទ្ធគុន​ចម្រុះ​សម្រាប់​​អង្គ​ភាព RIZIN Fighting Federation ដែល​ជាក្រុម​ហ៊ុន Mayweather បាន​ចុះហត្ថលេខា​។

Nasukawa ដែលមាន​កំណត់​ត្រា​ឈ្នះ​ 27លើក មិន​ដែល​ចាញ់ក្នុង​ប្រដាល់​សេរី និង​៤លើកមិនដែលចាញ់នៅក្នុង MMA ​នោះ បាន​ឱ្យ​ដឹង​ថា៖ «វា​ពិត​ជា​សំណើ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ប៉ុន្តែខ្ញុំ​បាន​ទទួល​យក​ដោយ​គ្មានការ​ស្ទាក់​ស្ទើរ​ឡើយ​»​៕

ប្រភព​ពី៖ BBC