Mayweather នឹង​ប្រកួត​ជាមួយ​កីឡាករ​ប្រដាល់សេរី Tenshin នៅ​ជប៉ុន

កីឡាករ​ប្រដាល់សកល Floyd Mayweather នឹង​ប្រកួត​ជាមួយ​កីឡាករ​ប្រដាល់សេរី និង​យុទ្ធ​គុន​ចម្រុះ TenshinNasukawa ក្នុងប្រទេស​ជប៉ុន​នៅ​ថ្ងៃទី31 ខែធ្នូ ក្រោយពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយនឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ។

អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក 5ប្រភេទ​ទម្ងន់​ផ្សេងគ្នា Mayweather បាន​ផ្តួល​កីឡាករ Conor McGregor របស់​អង្គភាព UFC ក្នុង​ការប្រកួត​ប្រដាល់សកល​កាលពី​ខែសីហា ឆ្នាំ2017 ដើម្បី​បន្ថែម​កំណត់ត្រា​ឈ្នះ​របស់​រហូតដល់​ទៅ 50លើក មិនដែល​ចាញ់។

រូបគេ​បាន​និយាយ​កាលពីពេលថ្មីៗនេះ អំពី​ការប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ជាមួយនឹង​កីឡាករ KhabibNurmagomedov របស់ UFC និង​កីឡាករ Manny Pacquiao។ រូបមន្ត និង​លក្ខខណ្ឌ​សម្រាប់​ការប្រកួត​របស់គេ​ជាមួយនឹង Nasukawa មិនទាន់​សម្រេច​នៅឡើយ​ទេ។ កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ 41ឆ្នាំ​រូបនេះ​ដែល​មិន​ធ្លាប់បាន​ប្រកួត​សោះ បើ​គិត​ចាប់តាំងពី​ចាកចេញ​ពី​ការចូលនិវត្តន៍​ដើម្បី​ជួប​ជាមួយនឹង McGregor បានឱ្យដឹងថា៖ «ខ្ញុំ​ធ្វើ​អ្វីដែល​ខុសពី​គេ ខ្ញុំ​ចង់បង្ហាញ​ពី​ទេពកោសល្យ​របស់ខ្ញុំ​នៅ​ខាងក្រៅ​សហរដ្ឋអាមេរិក និង​ស្ថិតក្នុង​ការប្រកួត​ដ៏​ពិសេស។ ខ្ញុំ​ចង់​ផ្តល់ឱ្យ​មនុស្ស​ជាច្រើន​នូវ​អ្វីដែល​ពួកគេ​ចង់បាន​ដូចជា ឈាម ញើស និង​ទឹកភ្នែក»។

Mayweather បាន​បញ្ជាក់ថា ប្រភេទ​ទម្ងន់ និង​លក្ខខណ្ឌ​សម្រាប់​ការប្រកួត​នេះ នឹងត្រូវ​ពិភាក្សា​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត។ កីឡាករ​ជប៉ុន Nasukawa វ័យ 20ឆ្នាំ ប្រកួត​ទាំង​ក្នុង​ប្រដាល់សេរី និង​យុទ្ធ​គុន​ចម្រុះ​សម្រាប់​អង្គភាព RIZIN Fighting Federation ដែលជា​ក្រុមហ៊ុន Mayweather បាន​ចុះហត្ថលេខា។

Nasukawa ដែលមាន​កំណត់ត្រា​ឈ្នះ 27លើក មិនដែល​ចាញ់​ក្នុង​ប្រដាល់សេរី និង៤លើក​មិនដែល​ចាញ់​នៅក្នុង MMA នោះ បានឱ្យដឹងថា៖ «វា​ពិតជា​សំណើ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ប៉ុន្តែ​ខ្ញុំ​បានទទួល​យក​ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ឡើយ»៕

ប្រភពពី៖ BBC

Advertisement