គ្រូបង្វឹក​ក្រុម Inter៖ Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​សម្រាប់ Barcelona

ខ្សែ​ប្រយុទ្ធ Lionel Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​របស់​ក្រុម Barcelona​ នេះ​បើយោង​តាម​ការ​​បញ្ជាក់​របស់​គ្រូបង្វឹក​នៃក្រុម Inter Milan លោក Luciano Spalletti កាលពីថ្ងៃចន្ទ នៅមុន​ពេលការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ពូល B រវាងក្រុម​ទាំង​2​។

Messi អាច​នឹង​​ធ្វើ​ការ​វិល​ត្រឡប់​ពី​របួស​យ៉ាង​ឆាប់​រហ័ស​ជាង​ការ​រំពឹង​ទុក​ដើម្បីជួប​ជាមួយ​នឹងក្រុម Inter Milan នៅកីឡដ្ឋាន San Siro នៅ​រាត្រីនេះ ក្រោយពី​បាន​បាក់​ឆ្អឹង​ដៃ​​កាលពីថ្ងៃ​ទី​20 ខែតុលា ប៉ុន្តែ ក្រុម​យក្ស​អេ​ស្ប៉ាញ Barca នៅ​តែ​បង្ហាញពី​ភាព​ខ្លាំង​របស់​ខ្លួន បើ​ទោះ​បីជា​អវត្តមាន Messi ​​​ក៏ដោយ​​។ លោក Spalletti បាន​ឱ្យដឹង​ថា៖ «Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​​ក្នុងក្រុម​  រូប​គេ​គឺ​ជា​អាវ​ដែល​ក្មេង​ៗ​ស្រមៃ​ចង់​ក្លាយ​ជា​កីឡា​បាល់​ទាត់ ចង់​បាន​។ ប៉ុន្តែ Barcelona បាន​បង្ហាញ​ថា បើ​ទោះ​បីជា​គ្មាន​រូប​គេក៏ដោយ ក៏ពួកគេ​នៅ​តែ​មាន​ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​ការ​ប្រកួត​របស់​ពួកគេ ដែល​ជា​អ្វី​ធ្វើ​ឱ្យមានការ​ប្រែ​ប្រួល​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​ជា​ការ​បារម្ភ​មួយ​សម្រាប់​គ្រប់គ្នា ប្រសិន​បើ Messi លេង ប៉ុន្តែឥរិយា​បថ​នោះមិន​ផ្លាស់​ប្តូរ​ឡើយ​។ យើង​នឹង​ជួប​ជា​មួយ​នឹងក្រុម​មួយក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​​ ក្នុង​ករណី​ណា​ក៏ដោយ​​ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បានល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​របស់​យើង​»​។

លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា Messi អាច​លេង​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ នៅលើ​ទឹក​ដីក្រុម Inter Milan ប៉ុន្តែលោក​នឹង​មិន​ប្រថុយ​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​រូបនេះ​ឡើយ ខណៈ​ដែល​រូប​គេ​ទើប​តែ​ជា​សះ​ស្បើយពី​របួស​​បាក់​ឆ្អឹង​ដៃ​។ ការ​ប្រកួតនេះ​នឹង​​ចាប់​ផ្តើម​នៅម៉ោង​3​ទៀប​ភ្លឺ​៕

ប្រភព​ពី៖ Straits Times

Advertisement