Sterling បន្ត​កុងត្រា​ថ្មី​ជាមួយ Man City រហូតដល់​ឆ្នាំ2023

ខ្សែប្រយុទ្ធ Raheem Sterling បាន​ប្តេជ្ញា​ពី​អនាគត​ដ៏​យូរអង្វែង​មួយ​ចំពោះ​ក្លិប Manchester City ក្រោយពី​បាន​បន្ត​កិច្ចសន្យា​រយៈពេល3ឆ្នាំ​ទៀត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ កាលពី​ថ្ងៃ​សុក្រ។

Sterling បាន​ស្ថិតក្នុង​ការចរចាផ្សេងៗជាមួយនឹង​ក្រុម Man City អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​ទីបំផុត ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​យល់ព្រម​កុងត្រា​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ក្រោយពី​ត្រូវបាន​ទាក់ទង​ជាមួយនឹង​ការផ្ទេរ​មួយ​ទៅកាន់​ក្លិប Real Madrid។

បច្ចុប្បន្ន Sterling វ័យ23ឆ្នាំ នឹងត្រូវ​បន្ត​នៅ​ជាមួយនឹង Man City រហូតដល់​ឆ្នាំ2023 ខណៈដែល​ព័ត៌មាន​កាលពី​ដើមខែ​នេះ បានចេញ​ផ្សាយ​ថា ការបន្ត​កិច្ចសន្យា​ថ្មី​របស់គេ​នឹងមាន​តម្លៃ30ម៉ឺន​ផោន (ស្មើនឹង 38,9ម៉ឺន​ដុល្លារ​អាមេរិក) ក្នុង1សប្តាហ៍ ដែលនាំឱ្យ​រូបគេ​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​អង់គ្លេស។

Sterling បាន​ប្រាប់​គេហទំព័រ​របស់ Man City ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចុះហត្ថលេខា។ ការអភិវឌ្ឍ​របស់ខ្ញុំ​នៅទីនេះ ពិតជា​ស្ថិតក្នុង​កម្រិត​ដ៏​មិន​គួរឱ្យ​ជឿ។ ខ្ញុំ​មាន​អារម្មណ៍​តាំងពី​នាទី​ដំបូង​ដែល​ខ្ញុំ​បានមក​ទីនេះ​ថា វា​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ។ វា​ពិតជា​បាន​ផ្តល់នូវ​ផល​តបស្នង ហើយ​ខ្ញុំ​ពិតជា​ដឹងគុណ​ណាស់»។

Sterling បាន​ជួប​ភាពជោគជ័យ​ដ៏​អស្ចារ្យ ក្រោម​ស្នារ​ដឹកនាំ​របស់លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់ Man City និង​បាន​អភិវឌ្ឍ​ដើម្បី​ក្លាយជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​សម្រាប់​ក្លិប និង​ប្រទេស​របស់គេ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Liverpool កាលពី​ឆ្នាំ2015។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី23គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​កាល​ពី​រដូវ​កាល​មុន ខណៈដែល Man City បានឈ្នះ​ពាន Premier League ក្នុង​ពិន្ទុ​ជា​កំណត់ត្រា ហើយក៏​បានឈ្នះ​ពាន League Cup ផងដែរ៕

ប្រភពពី៖ Channel News Asia

Advertisement