Hamilton ឈ្នះ​នៅ​ប្រេ​ស៊ី​ល ខណៈ​ក្រុម Mercedes ឈ្នះ​ពាន​ផ្នែក​ផលិត

រយៈពេល 10ឆ្នាំ ក្រោយពី​ឈ្នះ​ពាន Formula One ជា​លើក​ទី1 របស់គេ​នៅលើ​ទីលាន Interlagos ម្ចាស់​តំណែង​ជើងឯក​ពិភពលោក 5សម័យកាល Lewis Hamilton បានឈ្នះ​ក្នុង​ព្រឹត្តិការណ៍ Brazilian Grand Prix កាលពី​ថ្ងៃអាទិត្យ និង​បាន​ជួយ​ឱ្យ​ក្រុម Mercedes របស់គេ ឈ្នះ​ពាន​ផ្នែក​ផលិត​ក្នុងការ​ប្រណាំង​រថយន្ត Formula One សម្រាប់​ឆ្នាំ​ទី5 ជាប់ៗគ្នា។

វា​ជា​ជ័យជម្នះ​ជា​លើក​ទី10 របស់ Hamilton នៅ​រដូវ​កាល​នេះ ក្រោយពី​បានបញ្ចប់​ដោយ​នាំមុខ​ក្នុង​ថិរវេលា 1.4វិនាទី នាំមុខ​កីឡាករ Max Verstappen របស់​ក្រុម Red Bull។ ប៉ុន្តែ វា​គួរតែ​ផ្តល់​លទ្ធផល​ផ្សេងគ្នា​សម្រាប់​កីឡាករ​អង់គ្លេស​រូបនេះ ដែល​បាន​ជួប​បញ្ហា​ម៉ាស៊ីន និង​កង់ ខណៈដែល​រូបគេ​បាន​រង់ចាំ​ភ្លៀង​ដែល​មិនបាន​ធ្លា​ក់មក។

ការដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី2 របស់ Hamilton ក្នុង​ទីក្រុង Sao Paulo បានកើត​ឡើង ក្រោយពី​កីឡាករ Esteban Ocon របស់​ក្រុម Force India មិន​អនុញ្ញាតឱ្យ Verstappen វ៉ា​ក្នុង​ជុំ​ទី44 ដែលនាំឱ្យ​រថយន្ត​រប​ស់​កីឡា​ករទាំង2 ប៉ះទង្គិច​គ្នា និង​វិល​ជាច្រើន​ជុំ​នៅលើ​ទីលានប្រណាំង។ ក្នុងពេលនោះ Verstappen របស់​ក្រុម Red Bull បាន​នាំមុខ​លើ Hamilton រហូតដល់​ទៅ 5វិនាទី។

ក្រោយពី​ការប្រណាំង Hamilton បានឱ្យដឹងថា៖ «ឧប្បត្តិហេតុ​នោះ បានធ្វើឱ្យ​យើង​វិល​ទៅកាន់​ការ​ប្រជែង​វិញ។ Max បាន​នាំ​មុខដាច់ ហើយ​វា​ពិតជា​ផ្តល់​ការលំបាក​ដល់​អ្នក​តាម​ពីក្រោយ។ ប៉ុន្តែ ខ្ញុំ​ពិតជា​មាន​មោទនភាព​នៅទីនេះ។ ខ្ញុំ​មិន​ខ្វល់​ពី​នរណាម្នាក់​ឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement