Djokovic ផ្តួល Isnerក្នុងការ​ប្រកួត​បើកឆាក​នៃ​ពាន ATP Finals

កីឡាករ​វាយ​កូន​បាល់ Novak Djokovic បានចាប់ផ្តើម​ការ​ប្រជែង​របស់គេ​សម្រាប់​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី6 តាមរយៈ​ការ​ផ្តួល​កីឡាករ John Isner ទាំង 2សិតជាប់ៗគ្នា​កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​កីឡាករ Alexander Zverev បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី6 ជាប់ៗគ្នា​ពេល​ប្រកួត​ជាមួយនឹង​កីឡាករ Marin Cilic។

កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី ដែលមាន​ចំណាត់ថ្នាក់​លេខ1ក្នុង​ពិភពលោក​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ​នៅលើ​ទីលាន O2 Arena ខណៈដែល​រូបគេ​សម្លឹង​រក​ការបញ្ចប់​រដូវ​កាល​នេះ​ប្រកបដោយ​ភាព​ផ្លែផ្កា ក្រោយពី​បាន​យកឈ្នះ​ក្នុង​លទ្ធផល 6-4 និង6-3 ដោយ​ការបង្ហាញ​ពី​ទម្រង់​លេង​ប្រកបដោយ​ភាព​ទាក់ទាញ។

ជាមួយនឹង​ការជួប​លទ្ធផល​ផ្ទុយ​មួយ​ផ្សេងទៀត​របស់​កីឡាករ Roger Federer ដែល​បាន​ចាញ់​ក្រោម​ស្នាដៃ​កីឡាករ Kei Nishikori ក្នុងការ​ប្រកួត​បើកឆាក​កាលពី​ថ្ងៃអាទិត្យ Djokovic បានធ្វើ​ឱ្យមាន​កំហុស​ត្រឹមតែ 6លើក​គត់ និង​បាន​វាយ​កូន​បាល់​បានល្អ​ចំនួន 86ភាគរយ​នៃ​ការ​វាយ​សេវា​របស់គេ។

រូបគេ​បាន​បំបែក​ស្នៀត​ប្រកួត​របស់ Isner ក្នុង​ហ្គេម​ទី5 នៃ​សិត​ទី1 ដើម្បី​បង្កើតឱ្យមាន​ការគ្រប់គ្រង​យ៉ាងរឹងមាំ និង​មិនបាន​បណ្តោយឱ្យ​មានការ​ភ្លាត់ស្នៀត​កើតមាន​ឡើយ មុននឹង​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​រយៈពេល​ត្រឹមតែ 73នាទី​ប៉ុណ្ណោះ។

Djokovic បានឱ្យដឹងថា៖ «ការប្រកួត​នេះ​ពិតជា​អស្ចារ្យ​ណាស់។ ខ្ញុំ​បានទទួល​សេវា​របស់ John យ៉ាង​ល្អ​ក្នុងដំណាក់កាល​ដែល​មិនអាច​ទៅរួច ប៉ុន្តែ​ខ្ញុំ​បាន​ស្ថិតក្នុង​ទីតាំង និង​ពេលវេលា​ដ៏​ត្រឹមត្រូវ»៕

Advertisement