លោក Solari ក្លាយជា​គ្រូបង្វឹក​ផ្លូវការ​របស់​ក្លិប Real Madrid

លោក Santiago Solari បច្ចុប្បន្ន​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Real Madrid ជា​ផ្លូវការ និង​បញ្ចប់​ពេលវេលា​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន។

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ទើបតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ដឹកនាំ​ក្រុម​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈ​ពេល 2សប្តាហ៍ មុននឹង​ក្លិប​នេះ​ត្រូវតែ​សម្រេចចិត្ត​លើ​អនាគត​របស់លោក ហើយ​បច្ចុប្បន្ន ពួកគេ​បានធ្វើ​ការសម្រេច​ចិត្តជា​ផ្លូវការ ក្រោយពី​លោក Solari ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ 4លើក​ពី​ការប្រកួត​ទាំង 4លើក។

បណ្តាញសារព័ត៌មាន ESPN បានចេញ​ផ្សាយ​ថា ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម Celta Vigo កាលពី​រាត្រី​ថ្ងៃអាទិត្យ ក្លិប Real Madrid បាន​បញ្ជូន​កុងត្រា​ថ្មី​របស់លោក Solari ទៅឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ ហើយ​កាសែត MARCA បានប្រកាស​ពី​ព័ត៌មាន​នេះ។

គ្រូបង្វឹក​រូបនេះ​បានទទួល​សិទ្ធិ​ក្នុង​ការបន្ត​ដឹកនាំ​នៅ​កីឡដ្ឋាន Santiago Bernabeu ក្រោយពី​បាន​ផ្តួល​ក្រុម Melilla, Real Valladolid, Viktoria Plzen និង Celta Vigo បើទោះបី​ក្លិប​យក្ស​មួយ​នេះ​បាន​សម្រេចចិត្ត​រួចជាស្រេច​នៅមុន​ពេល​ការប្រកួត​នា​កីឡដ្ឋាន EstadioBalaidos កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ។

លោក Solari បាន​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី29 ខែតុលា ក្នុង​កិច្ចសន្យា​បណ្តោះអាសន្ន ក្រោយពី​ការបណ្តេញ​លោកគ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ JulenLopetgui ចេញពី​តំណែង។ ចាប់តាំងពី​ពេលនោះ​មក គ្រូបង្វឹក​វ័យ 42ឆ្នាំ​រូបនេះ បាន​ដឹក​នាំឱ្យ​ក្រុម Real ឈ្នះ 4ប្រកួត​ពី​ការប្រកួត​ទាំង 4លើក ដែលជា​ការចាប់ផ្តើម​ដ៏​ល្អ​បំផុត​របស់​អ្នកចាត់ការ​ទូទៅ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។

ការផ្លាស់ប្តូរ​នេះ បានធ្វើឱ្យ​ក្រុម Real ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តារាង​លី​ក Barcelona ត្រឹមតែ 4ពិន្ទុ​គត់ និង​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការឈាន​ទៅកាន់​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League៕

ប្រភពពី៖ Marca

Advertisement