លោក Eriksson ឈ្នះ​ថ្ងៃ​បើកឆាក នៅពេល​ហ្វីលីពីន​ផ្តួល​សិង្ហ​បុរី​ក្នុង Suzuki Cup

លោក Sven-Goran Eriksson បានចាប់ផ្តើម​រជ្ជកាល​ថ្មី​របស់លោក​ក្នុង​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ជាមួយនឹង​ជ័យជម្នះ ដោយ​ក្រុម​ដែលមាន​រហស្សនាម​ថា Azkals របស់លោក​មួយ​នេះ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ក្នុង​លទ្ធផល 1-០ ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ AFF Suzuki Cup វគ្គ​ចែក​ពូ​ល លើ​ទឹកដី​ខ្លួនឯង កាលពី​ថ្ងៃ​អង្គារ។

ខ្សែបម្រើ​ស្លាប Patrick Reichelt បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​តែ 1គ្រាប់​គត់​នោះ នៅ​នាទី​ទី78 ដោយ​រូបគេ​បាន​អូស​បាល់​ផុត​ខ្សែការពារ​ដល់​ទៅ 3នាក់ ក្រោយពី​ប្រធាន​ក្រុម Phil Younghusband ដែល​បង្ហាញខ្លួន​ជា​អន្តរជាតិ​លើក​ទី100 បាន​បញ្ជូន​បាល់​ពី​ក្បាល​របស់គេ​ដែល​បានមកពី​ការបញ្ជូន​ឱ្យ​ពី​កីឡាករ James Younghusband ដែល​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី2។

ក្រោយមក ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា ដើម្បី​ផ្តល់​ការខកចិត្ត​ដល់​ក្រុម​ម្ចាស់ផ្ទះ​ដែលមាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើនជាង ប៉ុន្តែ​មិនអាច​បង្កើតឱ្យមាន​ឱកាស​ស៊ុត​បាល់​សំដៅ​ទី​សូម្បីតែ 1លើក ឡើយ​ក្នុង​តង់​ទី1។

ក្រោយពី​ចប់​ការប្រកួត​ក្នុង​ពូ​ល B នៅ​កីឡដ្ឋាន Panaad ក្នុង​ទីក្រុង Bacolod លោក Eriksson អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​និយាយថា៖ «មាន​អារម្មណ៍​ថា អស្ចារ្យ​ណាស់​ក្នុងការ​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃ​បើកឆាក​នេះ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​មាន​បញ្ហា​ជាច្រើន​ក្នុងពេល​ចាប់ផ្តើម ហើយ​វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ឡើយ​សម្រាប់​ការប្រកួត​លើទឹក​ដី​ខ្លួនឯង​នៅ Panaad ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ ហើយ​ជាការ​យកឈ្នះ​ក្នុង​លទ្ធផល 1-០ ដែល​ផ្តល់នូវ​អារម្មណ៍​ដ៏​រំភើប​បំផុត។ វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​ក្នុង Suzuki Cup»៕

ប្រភពពី៖ Straits Times

Advertisement