Djokovic ឈានទៅ​វគ្គ 1/2ផ្តាច់ព្រ័ត្រ ក្រោយពី​ទម្លាក់ Zverev ក្នុង ATP Finals

កីឡាករ​វាយ​កូន​បាល់ Novak Djokovic ទទួលបាន​កៅអី​របស់គេ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ ATP Finals ហើយ​នៅពេលដែល​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​រូបនេះ បាន​យកឈ្នះ​លើ​កីឡាករ Alexander Zverev ក្នុង​លទ្ធផល 6-4 និង6-1 កាលពី​ថ្ងៃ​ពុធ។

Djokovic កំពុងតែ​ប្រមាញ់​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី6 និង​ជា​លើក​ទី1 ក្នុង​ព្រឹត្តិការណ៍​បិទ​រដូវ​កាល​ដ៏​មាន​កិត្យានុភាព​មួយ​នេះ នៅលើ​ទីលាន O2 Arena ក្នុង​ទីក្រុង​ឡុង​ដ៍ បើ​គិត​ចាប់តាំងពី​ឆ្នាំ2015។ ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី11 របស់គេ​ក្នុង​ព្រឹត្តិការណ៍ ATP Finals កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ មាន​សុវត្ថិភាព​ក្នុងការ​ឈានទៅ​វគ្គ 4នាក់​ចុងក្រោយ​ជា​លើក​ទី8 ក្រោយពី​កីឡាករ Marin Cilic បាន​ផ្តួល John Isner ក្នុង​លទ្ធផល 6-7 (2/7) 6-3 និង6-4 ក្នុងការ​ប្រកួត​គូ​ទី2 កាលពី​ថ្ងៃ​ពុធ។

Djokovic ដែល​បាន​ផ្តួល Isner ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​របស់គេ​នោះ បាន​ជួប​លទ្ធផល​ដ៏​រីករាយ​នៅ​រយៈពេល 6ខែ​ចុងក្រោយ​នៃ​ឆ្នាំ2018 ហើយ​ការលើក​ពាន​នេះ​នៅលើ​ច្រាំង​នៃ​ទន្លេ Thames នឹង​ក្លាយជា​សមិទ្ធផល​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​បញ្ចប់​ឆ្នាំ​របស់គេ។ Djokovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ Cilic ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​របស់គេ​នៅ​ថ្ងៃ​សុក្រ ស្រប​ពេលដែល​កីឡាករ Zverev ដែល​បាន​ផ្តួល Cilic ក្នុង​ថ្ងៃ​បើកឆាក​នៃ​យុទ្ធនាការ ATP Finals របស់គេ នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ Isner។ កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ បាន​រង​នូវ​ការវាយប្រហារ​ដោយ​ការ​លើកឡើងថា រូបគេ​បាន​បាត់បង់​ការស្រេកឃ្លាន​ជ័យជម្នះ និង​បាន​ឆ្លង​ផុត​ភាពខ្លាំង​បំផុត​របស់ខ្លួន​ហើយ​ក្រោយពី​ការរង​របួស និង​បញ្ហា​ផ្ទាល់ខ្លួន បាន​គំរាម​ដល់​អាជីព​របស់គេ​កាលពី​ឆ្នាំ2017៕

ប្រភពពី៖ Channel News Asia

Advertisement